ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ ផ្លូវជាតិលេខ៣ សាងសង់បាន៩០% នឹងបញ្ចប់នៅខែកញ្ញា ខាងមុខនេះ


ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់នាពេលនេះ សម្រេចបាន៩០%ហើយ គ្រោងនឹងបញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបថា គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែង១៣៤គីឡូម៉ែត្រ ដោយកម្រិតគុណភាពផ្លូវចាប់ពី DBST ទៅAC ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាល ចិន ជាង២០០លានដុល្លារ។
ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ និងទីតាំងស្ថានីយថ្លឹងរថយន្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវជាតិលេខ៣សាងសង់រួចរាល់មុនគម្រោង ហើយមានការត្រួតពិនិត្យពីមន្ត្រីជំនាញ គ្រប់ដំណាក់កាលសាងសង់ទាំងអស់ ដើម្បីឲ្យផ្លូវជាតិលេខ៣ សាងសង់តាមលក្ខណ:បច្ចេកទេស។

លោកបញ្ជាក់ថា «ផ្លូវលេខ៣យើងនេះ គឺមានចម្ងាយ១៣៤គីឡូម៉ែត្រ ពីភ្នំពេញទៅកំពត។ ប៉ុន្ដែពីភ្នំពេញ ចាប់ពីរង្វង់មូ លចោមចៅដល់បែកគូស៧០គីឡូម៉ែត្រ យើងពង្រីង ២គន្លងទៅ៤គន្លង។ ហើយពីបែកគូសទៅដល់កំពតតែ២គន្លង។ ហើយមកដល់ពេលនេះ បាន៩០ភាគរយហើយ បានធ្វើចប់សព្វគ្រប់ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ អីចឹងក្រុម ហ៊ុន ធ្វើចប់មុន១ឆ្នាំមុន តាមគ្រោងទុក»៕

To Top