កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំង បាក់ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ និងបានណែនាំដល់អាជ្ញាធរស្រុក សហការជាមួយមន្ត្រីជំនាញ ចុះសិក្សាច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុតកន្លងមក ដើម្បីលើកផែនការជួសជុល ឲ្យបានទាន់ពេលវេលា ឡើងវិញផងដែរ ។
បើតាមលោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ក្នុងដំណើរអញ្ជើញ ចុះត្រួតពិនិត្យការបាក់ច្រាំងទន្លេនេះ លោកអភិបាលខេត្ត បានប្រាប់ឲ្យអាជ្ញាធរស្រុក ចុះសហការសិក្សាជាមួយ មន្ត្រីធនធានទឹក និងឧតុនិយម នូវទីតាំងច្រាំងទន្លេ ដែលបានបាក់កន្លងមក ដើម្បីលើកគម្រោងជួសជុល ទប់ស្កាត់ ការពារការបាក់ស្រុតបន្តទៀត ។
លោកអភិបាលស្រុកបានបន្តថា ច្រាំងទន្លេចំនួន ២កន្លែង ដែលរងការបាក់ស្រុត រយៈពេលប្រមាណជា២ឆ្នាំកន្លងទៅ ដែលលោកអភិបាលខេត្ត បញ្ជាឲ្យចុះសិក្សា ដើម្បីលើកគម្រោងជួសជុលនោះ មាននៅភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ប្រវែងជាង ៦០០ម៉ែត្រ និងមួយកន្លែងទៀតនៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកសន្ធរ មានប្រវែងជាង ១.០០០ម៉ែត្រ ៕