ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ស្នើអាជ្ញាធរ ជួយទប់ស្កាត់ ការនាំចូលត្រីខុសច្បាប់ ពីប្រទេសជិតខាង

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់អាជ្ញាធរ ជួយទប់ស្កាត់ការ នាំចូលត្រីខុសច្បាប់ ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រី ងាកមកប្រមូលទិញត្រី របស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។

ក្នុងឱកាសចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមត្រី ចំនួន២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែក បំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។

លោកបន្ដថា បើទោះបីក្នុងរយៈពេលកន្លងមក តម្រូវការទីផ្សារ តម្លៃមានការធ្លាក់ចុះបន្តិចក្តី ប៉ុន្តែបច្ចុប្បន្នតម្លៃបាន និងកំពុងកើតឡើងបន្តិចវិញ លោកបានលើកទឹកចិត្តឲ្យ វារីវប្បករត្រូវបន្តរក្សាមុខរបរនេះ ព្រោះថានេះគឺជាអាជីពយ៉ាង រឹងមាំ និងបានចូលរួមយ៉ាងមានប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាល ក្នុងការធានាសន្តិសុខស្បៀង សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ ពីប្រទេសជិតខាង ហើយអំពាវនាវ ដល់អ្នកនាំចូលត្រី ងាកមកប្រមូលទិញត្រី របស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក ។ ទន្ទឹមនឹងនេះ ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ កែច្នៃផលិតផលត្រី សូមបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្ម ក្នុងស្រុកឲ្យកាន់តែកើនឡើង ទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសលោក សុំឱ្យវិនិយោគិនក្នុងស្រុកបង្កើន ការវិនិយោគក្នុងវិស័យ វារីវប្បកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ក្នុងស្រុកក្នុងបរិបទនៃការរីករាលដាល ជាសកលនៃជំងឺឆ្លងកូវិដ-១៩»។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីកសិកម្ម ក៏ណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀត ទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ ។

សូមជម្រាបជូនថា សកម្មភាពនៃការអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី នាថ្ងៃនេះ គឺជាផ្នែកមួយ នៃការជួយជំរុញ និងលើកទឹកចិត្តដល់ផលិតកម្ម ចិញ្ចឹមត្រីក្នុងស្រុក តាមរយ:ការ នាំយកតួអង្គពីរ សំខាន់មកជួបគ្នា គឺរដ្ឋបាលជលផល និងសមាគមវារីវប្បករកម្ពុជា ដើម្បីសហការ សម្របសម្រួលទាំងផ្នែកទីផ្សារ និងការអនុវត្ត បច្ចេកទេស ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពលើផលិតកម្ម ចិញ្ចឹមក្នុងគោលដៅរួមមួយ គឺអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មស្បៀង តាមរយ:ការបង្កើនផលិតកម្មចិញ្ចឹមត្រី ដូចជាត្រីអណ្តែង ត្រីប្រា ត្រីឆ្តោ ត្រីពោ និងកង្កែប៕

To Top