ភ្នំពេញ៖ យោងតាម បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆ្នាំ២០២០ បានលើកឡើងថា បើទោះបីស្ថានភាពកូវីដ ធ្វើឱ្យពិភពលោកបានបង្ហាញ ពីឱនភាពសេដ្ឋកិច្ច យ៉ាងណាក៍ដោយ ដោយឡែកបេឡាជាតិ សន្តិសុខសង្គមកម្ពុជា មិនទាន់បង្ហាញពីផលប៉ះពាល់ នៃប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត នៅឡើយទេ ។
ជាអាទិ៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល បានបើកផ្តល់ដល់កម្មករនិយោជិតជាស្ត្រី សម្រាលកូនចំនួន ៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន ៨១ ០៣១ នាក់ដោយចំណាយទឹកប្រាក់ អស់ប្រមាណជាង ៣២ពាន់លានរៀល តាមរយៈបេឡាជាតិសន្តិសុខសង្គម។ បើប្រៀបធៀបកាលពីឆ្នាំ២០១៩ និងឆ្នំា២០១៨ កន្លងទៅឃើញថា ស្រ្ដីសម្រាលកូន មានការកើនឡើង ជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០១៩ ស្ដ្រីសម្រាលកូនមានចំនួន៧៧ ៤៤៩នាក់ មានចំនួនកូនសរុប ៧៧ ៩៦៦នាក់ និងឆ្នាំ២០១៨ មានស្រ្ដីសម្រាលកូនចំនួន ៦៥ ០៥៤នាក់ មានចំនួនកូនសរុប៦៥ ៥៣៤នាក់។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ធ្លាប់បានលើកឡើង ពីការយកចិត្តទុកដាក់បំផុតពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបងប្អូន កម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ជាសេនាធិការ ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ៖
– សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល
ដែលត្រូវបាន បើកផ្តល់ជូន តាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។
នេះដោយសារតែ ការដឹកនាំដ៍ឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវផែនការណ៍ច្បាស់លាស់ ទប់ស្កាត់ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ មេរោគដល់សាហាវមួយនេះ។
បច្ចុប្បន្ន នេះប្រមុខរាជរដ្ឋាភិបាល នៅតែបន្តអំពាវនាវ ឱ្យប្រជាជនអនុវត្តន៍ នូវវិធានការណ៍ របស់ក្រសួងសុខាភិបាល ឱ្យជាប់ជានិច្ចដើម្បីសុខភាពសង្គមទាំងមូល គ្មានការឆ្លងមកលើ ប្រជាជនកម្ពុជា៕