ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលប់ពីភាគីពាក់ព័ន្ធ។
យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «ជារួម ការងារការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលុប ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោត»។
គ.ជ.ប បន្តថា ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានចំនួន ៨,៨៣១,៩៧១ នាក់ ស្មើនឹង ៨៥.០៦% ធៀបនឹងចំនួនប្រជាពលរដ្ឋ ប៉ាន់ស្មានសរុប ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ ក្នុងនោះប្រជាពលរដ្ឋ ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី នៅឆ្នាំ២០២០ មានចំនួន ២៦៨,៦១១ នាក់ ស្មើនឹង ៨៩.៤២%។
គ.ជ.ប បន្ថែមថា នៅឆ្នាំ២០២០ ប្រជាពលរដ្ឋជាច្រើន បានមកចូលរួមធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត ដែលធ្វើឱ្យ គ.ជ.ប មានឯកសារជាមូលដ្ឋាន សម្រាប់លុបឈ្មោះក្នុងបញ្ជីបោះឆ្នោតបាន រហូតដល់ ១៥៤,៧៨៥ នាក់។ ឈ្មោះដែលលុបនោះ គឺអ្នកទទួលមរណភាព អ្នកបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង និងអ្នកបានចុះឈ្មោះលើសពីមួយកន្លែង (ឈ្មោះស្ទួន)។
ជាងនេះទៅទៀ ត គ.ជ.ប បញ្ជាក់ថា តួលេខខាងលើនេះ បង្ហាញនូវលទ្ធផល ដ៏ល្អប្រសើរ ដែល គ.ជ.ប ត្រូវតែអរគុណ និងកោតសរសើរ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានព័ត៌មានគ្រប់គ្រាន់ ហើយបានចូលរួមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
ជាមួយគ្នានេះ គ.ជ.ប បានថ្លែងអំណរគុណ ចំពោះគណបក្ស នយោបាយទាំងអស់ ជាពិសេសគណបក្សនយោបាយ ចំនួន ១៣ ដែលបានចូលរួមក្នុងកិច្ច ប្រជុំជាមួយភាគីពាក់ព័ន្ធ ដែលរៀបចំឡើងដោយ គ.ជ.ប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយដែលគណបក្សទាំងនោះ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីក្នុងនាមជាអ្នកបម្រើសេវាជូនម្ចាស់ឆ្នោត រហូតទទួលបានលទ្ធផលមួយល្អ ហើយបានបង្ហាញជំហរគាំទ្របញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០។
ទន្ទឹមនឹងនេះ នៅក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៨ បានដាក់អ្នកសង្កេតការណ៍ជាតិ ចំនួនសរុប ២,២០១ នាក់ ផងដែរ ហើយបានអបអរសាទរចំពោះលទ្ធផលការងាររបស់ គ.ជ.ប ក្នុងឆ្នាំ២០២០។
គ.ជ.ប ក៏បានថ្លែងអំណរគុណ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ ដែលបានបង្ហាញនូវសច្ចធម៌ ក៏ដូចជាការផ្តល់ភាពយុត្តិធម៌ដល់ស្ថាប័ន គ.ជ.ប ដោយបានគាំទ្របញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ និងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់។
គ.ជ.ប ក៏សូមថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយអន្តរជាតិដែលរួមមាន សហភាពអឺរ៉ុប (EU) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការមូលនិធិអន្តរជាតិ ដើម្បីប្រព័ន្ធបោះឆ្នោត (IFES) …។ល។ ដែលបានជួយ ទាំងបច្ចេកទេស សម្ភារ និងច្បាប់ ដើម្បីរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ហើយត្រូវបាន គ.ជ.ប យកមកអនុវត្តតាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្នប្រកបដោយតម្លាភាព និងជោគជ័យ។
ទន្ទឹមនឹងនេះ គ.ជ.ប បានថ្លែងអំណរគុណ ចំពោះស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបតិ្ត និងគណបក្សនយោបាយនានាផងដែរ ដែលបានចូលរួមផ្តល់ យោបល់លើបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
សូមជម្រាបថា នៅដើមឆ្នាំ២០២១នេះ គ.ជ.ប នៅតែបន្តដំណើរការងាររបស់ខ្លួន ជាបន្តទៀតផ្អែកលើមូលដ្ឋានច្បាប់ បទបញ្ជា និងនីតិវិធីជាបន្តទៀត៕