ភ្នំពេញ ៖ លោក សាម អ៊ីន មន្ដ្រីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានស្វាគមន៍ក្នុងការបន្ថយ និងទប់ស្កាត់ការលុបបឹងតាមោកជាបន្តបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចនិរាករណ៍ ស ជ ណ មួយចំនួន ដើម្បីដកហូតផ្ទៃបឹងតាមោក ត្រឡប់មកវិញ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សាម អ៊ីន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «យើងស្វាគមន៍ ជំហានក្នុងការបន្ថយ និងទប់ស្កាត់ការលុបបឹងតាមោកជាបន្តបន្ទាប់ ក្រោមលេសផ្សេងៗ។ បឹងតាមោកជាបឹងធម្មជាតិ ចុងក្រោយក្នុងទីក្រុងភ្នំពេញ ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈសងកូនខ្មែរជំនាន់ក្រោយ»។
លោកបន្ដថា «យើងជំនាន់នេះ មិនមែនទទួលមរតកសម្បត្តិធម្មជាតិ ពីអ្នកជំនាន់មុនទេ តែយើងកំពុងខ្ចីសម្បត្តិធម្មជាតិ ពីកូនខ្មែរជំនាន់ក្រោយមកប្រើប្រាស់ ហើយតើយើងនឹងត្រូវសងត្រលប់ ទៅគេវិញនូវសម្បត្តិធម្មជាតិ ដែលយើងខ្ចីពីគេបែបណា? ជាបឹងកក់ និងបឹងតាមោក ដែលនៅសល់តែខ្សាច់ និងអាគារថ្ម ជារបស់ឯកជន? ឬជាបឹងតាមោកដែលមានទឹក និងភាពស្រស់ស្អាត ជាកន្លែងលំហែកំសាន្តសម្រាប់កូនខ្មែរទាំងអស់គ្នា?»។
លោកបញ្ជាក់ថា កូនខ្មែរជំនាន់ក្រោយ នឹងសរសេរប្រវត្តិសាស្រ្តអំពីបឹងកក់ និងបឹងតាមោក៕