ព័ត៌មានជាតិ

មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញត្រូវបាន សម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ បានបើកសម្ពោធ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ជាផ្លូវការ ដើម្បីប្រមូលយក អ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ចូលគ្នាតែមួយ និងដើម្បីប្រគល់ សាលារៀនមួយចំនួន ដែលធ្លាប់បានប្រើប្រាស់ ជាកន្លែងចត្តាឡីស័ក ទៅកាន់ក្រសួងអប់រំវិញ មុនពេលបើកបវេសនកាលថ្មីមកដល់ ។

ថ្លែងក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ នាឱកាសនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា “តាមអនុសាសន៍ នាយករដ្ឋមន្ត្រី ឲ្យរដ្ឋបាលរាជធានីភ្នំពេញ របស់យើង សហការជាមួយ ក្រសួងសុខាភិបាល ដើម្បីរៀបចំ ទីតាំងចត្តាឡីស័កមួយ អោយបានគត់មុត ព្រោះកន្លងមក យើងបានរៀបចំ មណ្ឌលចត្តាឡីស័ក នៅតាមសាលារៀន នៅតាមអង្គភាពយោធា នៅតាមសណ្ឋាគារ ដែលគេស្ម័គ្រចិត្តផ្តល់អោយ” ។

លោកអភិបាលរាជធានីភ្នំពេញ ថែមទាំងបានឲ្យដឹងទៀតថា “កន្លងមកយើងយកសាលារៀន យើងយកមជ្ឈមណ្ឌលទ័ពអាកាស ដាក់ពួកគាត់ (អ្នកធ្វើចត្តាឡីស័ក) និងកន្លែងផ្សេងៗទៀត ដែលឯកជនប្រគល់អោយយើង ប៉ុន្តែឥឡូវនេះ ដោយប្រគល់យូរពេក គាត់ក៏បានសុំយក ទៅប្រកបរបរអាជីវកម្មវិញ” ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ដោយមើលឃើញ អំពីចំណុចខ្វះខាត ទៅថ្ងៃអនាគត់ ប្រហែលថ្ងៃទី១១នេះ នឹងបើកបវេសនកាល ជូនសិស្សានុសិស្ស ចូលរៀនវិញ ហើយជាការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លោកបានប្រាប់ មកក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ថាឲ្យត្រៀមលក្ខណៈ រៀបចំមណ្ឌលចត្តាឡីស័ក អោយហើយ មុនដល់សាលាបើកបវេសនកាល ដូច្នេះហើយពួកយើងខ្ញុំ (រដ្ឋបាលរាជធានីភ្នំពេញ) សហការជាមួយក្រសួងសុខាភិបាល ធ្វើកិច្ចការងារនេះ រហូតលេចជារូបរាងឡើង នៅមណ្ឌលចត្តាឡីស័ក” ។

លោក ឃួង ស្រេង ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា មានការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានជាប់ជាប្រចាំ នូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយចងចាំថា កូវីដ១៩ មិនភ្លេចយើងទេ ហើយយើងក៏មិនត្រូវភ្លេចកូវីដ១៩វិញដែរ ។

គួរឲ្យដឹងថា មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាធានីភ្នំពេញ ដែលត្រូវបានដាក់ ឲ្យប្រើប្រាស់នាពេលនេះ មាន៤អាគារ ដែលក្នុង១អាគារ អាចផ្ទុកអ្នកធ្វើចត្តាឡីស័ក ចំនួន ១២៦នាក់ ក្រោមការរៀបចំ អោយមានរបាំងត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេស និងតាមវិធាន របស់ក្រសួងសុខាភិបាល៕

To Top