ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការវិនិយោគ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN)របស់ជប៉ុនលើវិស័យ កសិ-ពាណិជ្ជកម្ម មានសារៈសំខាន់ណាស់ ព្រោះវិស័យនេះមានសក្ដានុព លខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ នេះបើយោងតាមគេហទំព័រ ក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម រវាង ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន YAMATO GREEN នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នាទីស្ដីការក្រសួង លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យ កសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្ម ជាវិស័យមួយ ដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ ។ ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នា រវាងវិស័យសាធារណៈ និងឯកជន និងបានឆ្លើយតបទៅ នឹងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យ កសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ»។
លោកបន្ដថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានា ក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ ។
លោកថា ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។
លោកសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកប ដោយនិរន្តរភាព នៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ។
សូមជម្រាបថា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ លើផលិតផលកសិ-ពាណិជ្ជកម្ម រវាង ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន YAMATO GREEN មានការចូលរួម លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក នីឈីកាហ្សេ តោរុ (Nishikaze Toru) ប្រធានអង្គការ JICA និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕