ព័ត៌មានជាតិ

លោក សយ សុភាព បួងសួងដល់ទេវតា ជួយថែរក្សាបឹងតាមោកដ៏ស្រស់ត្រកាល របស់រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបួងសួងដល់ទេវតា សូមជួយបីបាច់ថែរក្សាបឹង ធម្មជាតិដ៏ស្រស់ត្រកាល របស់រាជធានីភ្នំពេញ គឺបឹងតាមោកដែលជាបឹងធំចុងក្រោយ ឲ្យរួចចាកផុតពីមច្ចុរាជ ដែលចាំតែរកឱកាសបញ្ចប់សេចក្តីសុខ ព្រោះបឹងនេះបានដើរតួនាទីសំខាន់ណាស់ ជួយទប់ទឹកជំនន់ មិនឲ្យជន់លិចទីក្រុងភ្នំពេញ កាលពីពេលកន្លងមក។

លោក សយ សុភាព បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១នេះថា ” សូមទេវតា ដែលបានជួយសង្រ្គោះខ្មែរ ប្រទេសខ្មែរ ហើយ បាន និង កំពុង ថែរក្សា សុខសន្តិភាព ដល់ ខ្មែរ និង ប្រទេសខ្មែរ សូមជួយបីបាច់ថែរក្សា បឹងធម្មជាតិដ៏ស្រស់ត្រកាល របស់រាជធានីភ្នំពេញ ដែលជាបឹងធំចុងក្រោយ ឲ្យរួចចាកផុតពីមច្ចុរាជ ដែលចាំតែរកឱកាសបញ្ចប់សេចក្តីសុខផង ព្រោះបឹងនេះបានដើរតួនាទីសំខាន់ណាស់ កាលពីកន្លងទៅ ទប់ទឹកជំនន់ មិនអោយជន់លិចទីក្រុងភ្នំពេញ រហូត រាជរដ្ឋាភិបាលបានចាត់បញ្ជូនរដ្ឋមន្ត្រី ក្រសួង ធនធានទឹក ទៅប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ពេលរដូវទឹកឡើង ហើយ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជារ លោករដ្ឋមន្ត្រីអោយ វាយ សំណង់ឡុង ឈិនថែមទៀតផង កាលពីឆ្នាំ ២០០៧។ មិនតែប៉ុណ្ណោះ សម្តេច បានដក អភិបាលខេត្ត កណ្តាល និង អភិបាលស្រុកពញាឮ ដែលកាលនោះបឹងនេះនៅក្នុង ខេត្តកណ្តាល”។

លោក សយ សុភាព បានសង្កត់ធ្ងន់ថា “អ្នកជំនាញទឹកបាននិយាយថា កុំមើលស្រាលទឹក ពេលនេះមិនអី តែវាអាចអីនៅពេលអនាគត។ ម៉្យាង សាលាក្រុង គួរពិនិត្យ រណ្តៅដី ដែលកំពុងជីកយកអាចម៍ដីទៅលក់ផង ឃើញថារណ្តៅជីកដល់ក្បាលប្រែតហើយ ដោយ មិនត្រូវអោយឈ្មួញម្មាក់ធ្វើអ្វីតាមចិត្តទេ។ កុំអង្គុយរាប់ក្បាលឡានយកលុយនោះ”។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ មករាកន្លងទៅ បានសម្រេចនិរាករណ៍សជណមួយចំនួន ដើម្បីដកហូតផ្ទៃបឹង តាមោកត្រឡប់មកវិញ និងដោះដូរអគារក្រសួង ស្ថាប័នមួយចំនួន ។

សូមបញ្ជាក់ថា បឹងតាមោក ឬ បឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមាន ទីតាំងនៅភាគខាងលិចឈៀងខាងជើង តាមបណ្តោយមហាវិថី ឈ្នះ-ឈ្នះ និងមានទំហំ សរុប ចំនួន ៣.២ពាន់ ហិកតា លាតសន្ធឹងលើខណ្ឌចំនួន២ សង្កាត់ចំនួន៦ និង ភូមិចំនួន ២៥។ បច្ចុប្បន្ន នេះ ផ្ទៃបឹងទំហំជាង ៥០០ហិកតា ហើយត្រូវបានកាត់ ទៅឲ្យស្ថាប័នរដ្ឋ និងឯកជន ធ្វើជាកម្មសិទ្ធិ ៕

To Top