នយោបាយ កសាងតំបន់ទ្រនាប់របស់ចិន!
មហិច្ឆតាដ៏មហិមា របស់អ្នកកាន់អំណាចចិន បច្ចុប្បន្នគឺប្រែក្លាយចិន ជាប្រទេសមហាអំណាច ផុតលេខរបស់ពិភពលោក។ ហើយដើម្បីបំពេញបំណង និងមហិច្ឆតានេះ ចិនដាច់ខាតត្រូវតែពង្រឹងនិងពង្រីក នូវអំណាចនិងឥទ្ធិពល របស់ខ្លួន។ នៅក្នុងចក្ខុវិស័យ នៃយុទ្ធសាស្រ្តនេះចិនត្រូវអនុវត្តន៍ កសាងនូវតំបន់ទ្រនាប់ (Buffer zone )សម្រាប់ជាខ្សែក្រវាត់ការពារខ្លួន។កត្តាភូមិសាស្រ្តបានរួមចំណែក ក្នុងការកកើតឡើង នូវភូមិសាស្រ្តនយោបាយ របស់ចិន!ហើយ លើមុខងាររបស់ភូមិសាស្រ្តនយោបាយនេះ ក៏បានកើតឡើង នូវគោលនយោបាយ ការបរទេសរបស់ចិន។
ចិនជាប្រទេសមួយ ដែលមានខ្សែបន្ទាត់ព្រំដែន ជាប់ទៅនឹង១៤ប្រទេស និងមានព្រំដែនសមុទ្រ ជាប់ទៅនឹង៦ប្រទេស រួមទាំងដែនដីពិសេស៣ទៀត គឺហុងកុង ម៉ាកាវនិងតៃវ៉ាន់។ ជារួមតំបន់ព្រំដែនទាំងអស់នេះ ក៏បាននិងកំពុងស្ថិតក្នុងស្ថានភាព មិនច្បាស់លាស់ ប្រទាញប្រទង់និងប្រទូស្តរាយ នឹងគ្នានៅឡើយ។
នៅក្នុងមហាសន្និបាតបក្ស កុម្មុយនីស្តចិន លើកទី១៦ នា ឆ្នាំ ២០០២នោះ អង្គសន្និបាតបក្ស បានសង្កត់ធ្ងន់ក្នុងគោលនយោបាយ ការបរទេសថា៖” ពួកប្រទេសមហាអំណាចជាកត្តាគន្លឹះ ពួកប្រទេសភូមិផងមានមុខងារសំខាន់ ពួកប្រទេសកំពុង អភិវឌ្ឍន៍ជាមូលដ្ឋានគ្រឹះ ហើយនយោបាយ ពហុភាគីគឺជាវេទិកា សំខាន់មិនអាចខ្វះបាន!”។
អនុលោមទៅតាមការចង្អុលបង្ហាញ របស់អ្នកយុទ្ធសាស្រ្ត គឺចិនបានកំណត់តំបន់ ទ្រនាប់មាន៣ខ្សែ ដោយខ្សែទី១ មាន១៤ប្រទេស ដែលមានព្រំដែនគោក ជាប់ទៅនឹងចិន។ខ្សែទី២ គឺជាប្រទេសដែលគ្មានព្រំដែនជាប់ជាមួយចិន តែមានតំបន់សមុទ្រ ដែលស្ថិតក្នុងតំបន់ បើកទូលាយរបស់ខ្សែទី១ រួមមានពួកប្រទេស ដែលស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ខាងលិច រត់រហូតដល់សមុទ្រឥណ្ឌា ដែលក្នុងនោះរួមមានពួកប្រទេស អាស៊ីកណ្ដាលមួយចំនួន និងប្រទេសរុស្ស៊ី ! ហើយខ្សែក្រវាត់ នៃតំបន់ទ្រនាប់ទី៣ រួមមានពួកប្រទេស ក្នុងទ្វីបអាហ្វ្រិក អឺរ៉ុប និងតំបន់ទ្វីបអាមេរិក!។
មធ្យោបាយ ឬឧបករណ៍ក្នុងការកសាង តំបន់ទ្រនាប់ទាំងនេះរួមមាន៦ ជំហាន!៖
១) ធ្វើឱ្យកាន់តែជ្រាលជ្រៅ នូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ
២) ប្រមូលផ្ដុំនិងផ្ដល់សារសំខាន់ មកលើទំនាក់ទំនង ជាមួយពួកប្រទេសមហាអំណាច ភូមិផង។
៣) លើកទឹកចិត្តនិងជួយដល់ពួកប្រទេសភូមិផង ក្នុងការគ្រប់គ្រងផ្ទៃក្នុង កុំឱ្យមានអស្ថេរភាព តាមរយៈបច្ចេកវិទ្យាទំនើប AI ។
៤) បង្កើនមុខងារនិងដើរតួសំខាន់ ក្នុងការបំពេញជា អ្នកសម្របសម្រួល និងអ្នកចរចា មានប្រសិទ្ធភាពនៅក្នុងតំបន់។
៥) កសាងនិងជំរុញឱ្យ កាន់តែខ្លាំងក្លា ក្នុងទំនាក់ទំនង ជាមួយបណ្ដាស្ថាប័នពហុភាគី
៦) អនុវត្តន៍ នូវយុទ្ធវិធីដាក់ពិន័យលើតួអង្គដែរ មិនអនុលោមតាម ឬប្រឆាំងទៅនឹង ផលប្រយោជន៍របស់ចិន!។
នៅក្នុងវិធាន នៃជំហានទាំង៦ ខាងលើឃើញថាមធ្យោបាយ ទំនាក់់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ មានចរិតប្រសិទ្ធភាពខ្ពស់ ជាងគេបំផុត!។ សេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាមូលដ្ឋានគ្រឹះ ក្នុងគោលនយោបាយ ការទូតតំបន់ទ្រនាប់ ។ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាសរសរគ្រឹះក្នុងការទ្រទ្រង់ ឱ្យគោលដៅការទូតនិងនយោបាយ ដោយសកម្មភាពពីរ នេះអាចជាសក្ខីកម្មមួយ ក្នុងការបញ្ជាក់ឱ្យឃើញថា ចិនជាប្រភពមួយដ៏សំខាន់ ក្នុងការជួយ អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតឱ្យមានកាលានុវត្តន៍ និងការកសាងធនធានមនុស្ស ពិសេសជាងនេះទៅទៀត គឺការរក្សាបានឯករាជ្យភាព និងអធិបតេយ្យភាពពី ឥទ្ធិពលរបស់អំណាច ខាងក្រៅដោយយថាភាព!។
ការកើតឡើង នូវគោលនយោបាយ យុទ្ធសាស្រ្ត ផ្លូវនិងខ្សែក្រវាត់!
គោលនយោបាយ ផ្លូវនិងខ្សែក្រវាត់ (BRI)ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកប្រធាន ស៊ី ជិនភីង ។ គោលនយោបាយ BRI នេះ បានធ្វើឱ្យចិនប្រែក្លាយ ទៅជាប្រទេសដើរតួជា មណ្ឌលកណ្ដាល របស់តំបន់ និងជាតួអង្គសំខាន់ ក្នុងចរន្តលំហូ នៃពាណិជ្ជកម្មពិភពលោក។ហើយពិតមែនតែ BRI បានលាតសន្ធឹង នៅលើពិភពលោក ទៅកាន់គ្រប់ទ្វីបក៏ដោយ ក៏មុខងារសំខាន់របស់ BRI គឺមានដំណើរការចាប់ផ្ដើមចេញ ពីបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មុនគេ!។ ទន្ទឹមទៅនឹងការជំរុញ វិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងឡាយ ចិនក៏បានបង្កើនឥទ្ធិពល តាមរយៈ អំណាចហិរញ្ញវត្ថុ ដោយជំរុញឱ្យមានការ ប្រើប្រាស់លុយ Yuan ធ្វើជារូបីយប័ណ្ណមួយ សម្រាប់ជាការទូទាត់ អន្តរជាតិ ស្របទៅតាម Standard របស់ចិនផងដែរ!។
និមិត្តរូបរបស់ BRI នៅឡាវនិងកម្ពុជា !
ការកសាងផ្លូវរថភ្លើង រត់កាត់ប្រទេសឡាវ ចេញពី Kunming មក Vientiane រួចតភ្ជាប់ទៅប្រទេសថៃ និងរត់ទៅកាន់សិង្ហបុរី ទំនប់វារីអគ្គិសនី ការកសាងតំបន់សេដ្ឋកិច្ចពិសេសនៅ Boten ជាប់ព្រំដែន ចិន-ឡាវ ការកសាងវាលយន្តហោះ នៅតារាសាគរ ក្នុងខេត្តកោះកុង និងកំពង់ផែទឹកជ្រៅនៅរាម និងប្រព័ន្ធផ្លូវថ្នល់ ស្ពាន ។ល។ សុទ្ធតែត្រូវបានពួកអ្នកវិភាគ នៅក្នុងតំបន់មើលឃើញថា ជាផ្នែកមួយ នៅក្នុងខ្សែចង្វាក់ ជាប្រព័ន្ធ របស់គោលនយោបាយ BRI ទាំងអស់!។
អំណាច សេដ្ឋកិច្ច បានទាញ ឡាវនិងកម្ពុជា ចេញពីដៃវៀតណាម
ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ពាក្យស្លោកសម្រាប់ កម្ពុជា-វៀតណាម-ឡាវ ពីចំណងយុទ្ធសាមគ្គីភាព ចំណងសាមគ្គីភាពពិសេស មិត្តភាពសាមគ្គីភាពពិសេស ត្រូវបានប្ដូរទៅជាសម្រាប់ កម្ពុជា-ឡាវ-ចិន វិញ ថាដៃគូសហប្រតិបត្តិការ ដៃគូគ្រប់ជ្រុងជ្រោយ ហើយចុងក្រោយបំផុតគឺ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៅវិញ! ។
ជាតថភាព ក្នុងប្រវត្តិសាស្រ្តអស់រយៈកាល ជាច្រើនទសវត្សរ៍ ទំនាក់ទំនង យុទ្ធសាមគ្គីភាព មិត្តភាពពិសេស រវាងប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម បានស្អិតរមួត និងរលូនគ្រប់រដូវកាល!។ ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំមុននេះ ជាពិសេសបន្ទាប់ពី ឆ្នាំ២០១២ ទំនាក់ទំនងត្រីកោណ កម្ពុជា ឡាវ វៀតណាម មានការធ្លាក់ចុះដោយ កត្តាផលប្រយោជន៍ជាតិ គូបផ្សំទៅនឹង ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តយុទ្ធសាស្រ្ត!។ ហើយឆ្លៀតឱកាសនេះ ផងដែរ ចិនបានបង្កើនឥទ្ធិពល របស់ខ្លួននៅ ឡាវនិងកម្ពុជា ដោយ Challenge ទៅនឹងអំណាច និងឥទ្ធិពលរបស់វៀតណាម ដែលមានយូរយាណាស់មកហើយ នៅលើដែនដីទាំងពីរនេះ។ មធ្យោបាយដែលចិន ពង្រឹង និងពង្រីកឥទ្ធិពល នៅទីនេះ គឺការអនុវត្តនូវគម្រោងការមួយ ដ៏មហិមា ដែលអ្នកវិភាគស្គាល់ថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative ) ដែលយើងហៅកាត់ថា “ផ្លូវមួយខ្សែក្រវាត់មួយ”នោះ!។
ដោយមើលឃើញ សក្តានុពលនៃអំណាច ហិរញ្ញវត្ថុរបស់ BRI មានទំហំដ៏មហិមា មិនអាចប្រកួតប្រជែង ប្រៀបធៀបបាន! បានធ្វើឱ្យអ្នកកាន់អំណាច របស់វៀតណាម ជឿជាក់ ក្នុងការបារម្ភថា ចាប់ពីពេលនេះតទៅ ទាំងទីក្រុងវៀងច័ន្ទ និងភ្នំពេញ លែងស្ដាប់ធ្វើតាម រួមទាំងរាល់សេចក្ដីសម្រេច របស់ ឡាវនិងកម្ពុជា លែងមានភាពសមស្រប ទៅនឹងផលប្រយោជន៍ សន្តិសុខជាតិ របស់វៀតណាម ទៀតហើយ!។ រាល់សកម្មភាព ក្នុងការពង្រឹងទំនាក់ទំនង ក្រោមគ្រប់រូបភាព របស់ចិនជាមួយឡាវ និងកម្ពុជាមានជះឥទ្ធិពល យ៉ាងអវិជ្ជមាន ជាមួយវៀតណាម! ហើយជាក់ស្ដែង បំផុតនោះ គឺការស្របតាមចិន មិនឯកភាពជាមួយវៀតណាមខ្លះ ក្នុងការគាំទ្រ ដល់គោលជំហរ របស់វៀតណាម និយាយដោយឡែក និងអាស៊ាននិយាយជារួម ក្នុងរាល់កិច្ចចរចា ស្ដីពីការកសាង COC ពាក់ព័ន្ធដល់បញ្ហា ប្រយោជន៍លើសមុទ្រចិនខាងត្បូង!។
នៅក្នុងការគិត របស់វៀតណាម ក្នុងគ្រប់ជំនាន់ថាទាំង ឡាវនិងកម្ពុជា នៅជំពាក់គុណវៀតណាម ដោយវៀតណាម បានជួយរំដោះឡាវនិងកម្ពុជា ឱ្យរួចពីនឹមត្រួតត្រា ដែលក្នុងទស្សនៈនយោបាយ កន្លងមក ក៏ធ្លាប់បានចាត់ទុកឡាវ និងកម្ពុជាជាតំបន់ ដែលទទួលឥទ្ធិពល របស់ វៀតណាម រួមទាំងគំនិតគិតថាជា សហព័ន្ធឥណ្ឌូចិនទៀតផង!។
ក្រោយសង្រ្គាមលោកលើកទី២ចប់ ពិសេសគឺចាប់តាំងពី ប្រព័ន្ធអាណានិគមនិយម ត្រូវបានរលំរលាយ ប្រជាជាតិ ទាំងអស់ មានសិទ្ធិសេរីភាព អធិបតេយ្យភាព និងឥស្សរភាព! ទ្វីបអឺរ៉ុបទាំងមូលរួចផុត ពីនឹមត្រួតត្រា ដោយកម្លាំង ហ្វាសស៊ីសនិយម ដែលត្រូវបានរំដោះ ដោយអាមេរិកនិងសូវៀត! អាល្លឺម៉ង់និងជប៉ុន ជាបច្ចាមិត្តស្លាប់រស់ របស់សូវៀតនិងអាមេរិក តែបូរណភាព អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ បានធ្វើឱ្យប្រទេសទាំងអស់ នេះ សំរេចរួមរស់ ក្នុងសុខសន្តិភាពនិងដើម្បីអភិវឌ្ឍន៍។
៤ទសវត្សរ៍ នៃសង្រ្គាមឥណ្ឌូចិន បានកន្លងផុតទៅ ឡាវនិងកម្ពុជា នៅតែដឹងគុណវៀតណាម តែត្រូវការអភិវឌ្ឍន៍ ប្រទេសជាតិ ព្រោះសត្រូវរបស់ ឡាវនិងកម្ពុជា ចំពោះមុខពុំមែន ជាកម្លាំងស្នេហាសន្តិភាព លើពិភពលោកទេ តែជាភាពក្រីក្រនិងអនក្ខរភាព។ វៀតណាមបានទទួលស្គាល់ និងបានដឹងគុណដល់ ប្រជាជន ឡាវនិងកម្ពុជា ជាពិសេសគឺចិន ដែលបានផ្ដល់ការគាំទ្រ ដល់បុព្វហេតុរំដោះជាតិ របស់វៀតណាម តែដើម្បីវឌ្ឍនភាព និងផលប្រយោជន៍ របស់ប្រជាជាតិវៀតណាម គឺវៀតណាម ចាំបាច់ត្រូវតែបើកទ្វារ ពហុទំនាក់ទំនង ជាមួយពិភពលោកខាងក្រៅ រួមទាំងសត្រូវស្លាប់រស់ របស់វៀតណាម គឺសហរដ្ឋអាមេរិកផង!។
ជាតថភាពទំនាក់ទំនង ដ៏ស្អិតរមួតរវាង វៀតណាមជាមួយអាមេរិក ការទិញអាវុធ ការគ្រោងអនុញ្ញាតឱ្យ អាមេរិកមានមូលដ្ឋានយោធា ក៏ពុំមែនដើម្បី ប្រឆាំងចិន ឡាវនិងកម្ពុជា ក៏ដូចជា ឡាវនិងកម្ពុជា មានទំនាក់ទំនងល្អ ជាមួយចិន ក៏ពុំមែនដើម្បីហ៊ុមព័ទ្ធ និងប្រឆាំងផលប្រយោជន៍ របស់វៀតណាមផងដែរ!។ ប្រវត្តិសាស្រ្តជាមេរៀន ដ៏ជាក់ស្ដែងបំផុត ដើម្បីសុខសន្តិភាព យូរអង្វែង គឺ កម្ពុជា ឡាវ វៀតណាម ត្រូវមានសាមគ្គីភាព ជាបងប្អូនរួមរស់ ក្នុងសន្តិសហវិជ្ជមាន គោរពសិទ្ធស្វ័យសម្រេច និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រជាជាតិនីមួយៗ ក្នុងឧត្តមប្រយោជន៍ជាតិ ស្របតាមស្មារតីនៃរាល់កិច្ចជំនួបកំពូល របស់ថ្នាក់ដឹកនាំទាំង៣ ក្នុងគ្រប់ជំនាន់!។
ដៃគូសហប្រតិបត្តិការ គួរឱ្យទុកចិត្ត!
ឡាវនិងកម្ពុជា ជាប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ ដូច្នោះឡាវ និងកម្ពុជាស្វាគមន៍ នូវរាល់អំពើមនុស្សធម៌ នូវរាល់ជំនួយឥតសំណង ក្នុងលក្ខខណ្ឌគោរព អធិបតេយ្យភាព និងដើម្បីអភិវឌ្ឍន៍បំបាត់ភាពក្រីក្រ!។សាធារណរដ្ឋ ប្រជាមានិតចិន ជាប្រទេសមហាអំណាច បានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ សន្តិភាពសម្រាប់កម្ពុជា។ ទន្ទឹមនេះ ចិនក៏ជាមហាមិត្ត របស់ព្រះករុណា សម្ដេចព្រះបរមរតនកោដ្ឋ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងបរិបទភូមិសាស្រ្ត យុទ្ធសាស្រ្ត និងក្នុងចក្ខុវិស័យយូរអង្វែង ចិនបានពង្រឹងទំនាក់ទំនងល្អ ជាមួយឡាវនិងកម្ពុជា ដែលក្នុងនោះចិន បានផ្ដល់ជំនួយយ៉ាងច្រើន បានបណ្ដាក់ទុន ចូលមកកម្ពុជា ដែលមានទឹកប្រាក់ ជាង៦.៣ ប៊ីលលាន ដុល្លារអាមេរិក ព្រមទាំងបានចាត់ទុក កម្ពុជា ជាដៃគូពាណិជ្ជកម្ម ចម្បងរបស់ចិន ផងដែរ!។
ដោយជាប្រទេស បានឆ្លងកាត់សង្រ្គាម ក្នុងស្រុកជាង៤ ទសវត្សរ៍ ជាប្រទេសក្រីក្រនិងមានភាពចាំបាច់ ក្នុងការកសាង ធនធានមនុស្សនិងអភិវឌ្ឍន៍ កម្ពុជាបានស្វាគមន៍ និងចូលរួមក្នុងគម្រោងការ BRI យ៉ាងសកម្មដែល BRI បានផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនឱ្យកម្ពុជា ហើយអត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយ ក្នុងប៉ុន្មានឆ្នាំនេះគួរឱ្យ ពេញចិត្តបំផុត។ មានផ្លូវជាតិជាង២០០០គីឡូម៉ែត្រ មានស្ពានធំៗ ឆ្លងកាត់ទន្លេមេគង្គ៧ វាលយន្តហោះ កំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស ។ ល។ត្រូវបានកសាងឡើង ក្នុងក្របខណ្ឌ BRI នៅកម្ពុជា។
បើនៅឡាវវិញ ប្រព័ន្ធផ្លូវដែកប្រវែង ៤២០គីឡូម៉ែត្ររត់ពី Kunming មករដ្ឋធានីវៀងច័ន្ទ ត្រូវបានចាត់ទុកថា ជាគម្រោង BRI មួយដ៏សំខាន់បំផុត ក្នុងការតភ្ជាប់ចិន ជាមួយនឹងបណ្ដាប្រទេស សេសសល់ (Rest world) នៅអាស៊ីអាគ្នេយ៍។ ក្រៅពីនេះ ចិនបានជួយកសាងទំនប់វារីអគ្គិសនី ជាច្រើន ក្នុងគោលបំណង ប្រែក្លាយឡាវទៅជា “ធុងអាគុយនៅអាស៊ី” ដើម្បីបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍន៍។ ដោយមានការប្រកួតប្រជែង ជាយុទ្ធសាស្រ្តនៅក្នុងតំបន់ របស់មហាអំណាច ផុតលេខពីរ អាមេរិកនិងចិន និងដោយកត្តាភូមិសាស្រ្ត នយោបាយផង ធ្វើឱ្យពួកប្រទេសអមិត្ត នឹងចិន រួមគ្នាបង្កើតទៅរណសិរ្សមួយ មួលបង្កាត់ ចិន ក្រោមរូបភាព “ការទូតអន្ទាក់បំណុល” ដោយលើកហេតុផលមួយ ទៅហេតុផលមួយ ដើម្បីធ្វើឱ្យប្រជាជាតិទាំងនេះ ស្អប់ចិន និងហ៊ុមព័ទ្ធចិន ដូចករណីនៅ Maldives Djibouti ករណីកំពង់ផែ Hambantota នៅ Sri Lanka កំពង់ផែ Gwadar នៅ Pakistan រួចរីករាលដាល ចូលទៅបណ្ដាប្រទេស Tajikistan, Kyrgyzstan, Angola , Congo, Cameron, Ethiopia, Kenya, Mozambique, Zambia ។ល។ ជុំវិញបញ្ហាបំណុល Vaccines corona ល-ល។
ចំពោះកម្ពុជាវិញ ដោយមិនពេញចិត្តទៅនឹង ការចេញផុតពីឥទ្ធិពល របស់ខ្លួន សុបិន្តភ័យខ្លាចទៅនឹង សន្តិសុខសុវត្ថិភាព របស់ខ្លួនផង ពួកបានគេរួមគ្នាបង្កើតទៅជាក្រុមតន្រ្តី (Orchestra) មួយបំពងសំឡេង វាយប្រហារកម្ពុជា ដោយបង្កើតឡើងនូវ របស់ដែលហៅថា “ វត្តមានមូលដ្ឋានយោធារបស់កងទ័ពចិននៅកម្ពុជា” ស្អីគេនោះ(sic) ! មុននេះក្នុងបណ្ដាឆ្នាំ១៩៩០ មជ្ឈដ្ឋានអគតិ លោកខាងលិចខ្លះ ក៏ធ្លាប់បានបំពងសំឡេង ចោទប្រកាន់ចិន បានកសាងមូលដ្ឋាន យោធានៅភូមា ដែលទីតាំងយោធាទាំងនេះរួមមាន មូលដ្ឋានកងទ័ពជើងទឹក និងស្ថានីយលួចស្ដាប់ព័ត៌មាន សម្ងាត់ដែលគ្រប់គ្រង បញ្ជាការទៅដោយទាហានចិន ទាំងអស់ (sic)! តែរហូតមកដល់ថ្ងៃនេះ នៅពុំមានការរកឃើញ ភស្តុតាង ណាមួយ បញ្ជាក់ឱ្យឃើញវត្តមាន មូលដ្ឋានយោធារបស់ចិន នៅលើទឹកដីភូមាឡើយ!។
មិនអនុញ្ញាត ឱ្យមហាអំណាចណាមួយ មានឧត្តមភាព ងើបឡើងលើ Uncle SAM
បន្ទាប់ពីមើលឃើញចិន ងើបឡើង ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្ដល់អត្ថប្រយោជន៍ ដ៏ច្រើនមកលើពិភពលោក ក៏ស្រាប់តែឃើញ មានរបាយការណ៍ ចេញផ្សាយទៅដោយមន្ទីរ Pentagon ដែលខ្លឹមសារ នៅក្នុងរបាយការណ៍នេះ បានអះអាងថា ចិនបានស្វែងរក ទីតាំងដើម្បីបង្កើតមូលដ្ឋាន ស្ដុកសម្ភារនិងយោធា នៅក្រៅប្រទេស សំដៅបម្រើឱ្យកងទ័ពចិន មានលទ្ធភាពពង្រាយទ័ព និងរក្សាសក្តានុភាពយោធា ពីចម្ងាយឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា!។ មានមតិជាច្រើន របស់ពួកអ្នកយោធានិយម បាននិយាយថា ចិនបាននិងកំពុងស្វែងរកទីតាំង ដើម្បីកសាងមូលដ្ឋានយោធា បម្រើឱ្យយុទ្ធសាស្រ្ត របស់ខ្លួនដូចជានៅ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ជាពិសេស នៅក្នុងប្រទេសកម្ពុជា (sic)!។
ដោយផលប្រយោជន៍ សួនតួរ គេបានបង្កើតគំនិតអគតិ ប្រឆាំងសេចក្ដីសុខ របស់កម្ពុជា!
ក្រៅអំពីការបង្កើត អស្ថេរភាព បំផុសព័ត៌មានអកុសល លើប្រព័ន្ធឃោសនា អន្តរជាតិអំពី តំបន់រាមនិងតារាសាគរ! ដោយពួកគេបានលើកហេតុផលថា ទីតាំងរាម និងតារាសាគរ មានមុខងារមើលចេញទៅឈូងសមុទ្រថៃ ហើយរាល់នាវាចម្បាំង របស់ចិន បើវត្តមាននៅទីនេះគឺក្នុងរយៈពេលមួយថ្ងៃ អាចធ្វើដំណើរ ទៅដល់ជ្រោយ Malacca ដែលជាទីតាំងមានសារសំខាន់ ជាយុទ្ធសាស្រ្ត ដោយថាមពលប្រេង របស់ចិន ត្រូវបានដឹកជញ្ជួន កាត់តាមច្រកនេះ!។ ក្រៅពីនេះ ពួកនេះនៅតែអះអាងថា ទីតាំងរាម និងតារាសាគរមានការពាក់ព័ន្ធទៅនឹង សមុទ្រចិនខាងត្បូង និងក្នុងតំបន់ជា យុទ្ធសាស្រ្ត(sic)!។ ដោយភាពអគតិ ផលប្រយោជន៍សួនតួរជាតិ និងការឈ្នានីស ចំពោះការវិវត្តរីកចំរើន របស់កម្ពុជា ពួកគេនៅបន្តធ្វើគធ្វើថ្លង់ដែលទោះបីជា កម្ពុជាបានប្រកាសយ៉ាងឱឡារិក ជាច្រើនសារថា រដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងយ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យ មានទោះបីមូលដ្ឋានយោធា របស់បរទេសណាមួយ មាននៅលើដែនដីរបស់ប្រទេសខ្លួនឡើយ! តែពួកនេះមិនស្ដាប់ មិនជឿ ព្រមទាំងរួមដៃបន្តវាយប្រហារ មកលើកម្ពុជា ក្នុងគ្រប់រូបភាពដដែល ។
ពីភាពច្រណែនឈ្នានីស រួមគ្នាបង្កើតបញ្ហា ចង់ឃើញ ឡាវនិងកម្ពុជា ចេញពីសមាគមអាស៊ាន
ក្នុងប៉ុន្មានខែនេះ សារព័ត៌មានធំៗដូចជា Asia Time, Nikkei Asian Rewiews , The Diplomat ល-ល បានធ្វើការវិភាគជុំវិញ ទស្សនៈអគតិ របស់អតីតទូតសិង្ហបុរី Bilahari Kausikan ដែលបានចោទប្រកាន់ ឡាវនិងកម្ពុជា ថា ជាប្រទេសដែលមានគោលជំហ គាំទ្រចិនលើសំណុំរឿង សមុទ្រចិនខាងត្បូង(sic)! ព្រមទាំងបានសង្កត់ធ្ងន់ថា មុននេះនៅឆ្នាំ២០១២ ពេលដែលកម្ពុជា ជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរារាំងទប់ស្កាត់អាស៊ាន មិនឱ្យចេញសេចក្ដីថ្លែងការណ៍រួម ដែលមានខ្លឹមសារ និយាយដល់ការវិវាទ នៅលើសមុទ្រចិនខាងត្បូង(sic)!។
គេនៅចាំបានថា នេះពុំមែនជាលើកដំបូង ដែលសិង្ហបុរីមានទស្សនៈនយោបាយ អគតិចំពោះកម្ពុជា និងឡាវ យ៉ាងដូច្នោះ! ព្រោះនៅឆ្នាំ២០០៧ ប្រមុខដឹកនាំ របស់កោះតូចមួយនេះ ធ្លាប់បាននិយាយជាមួយ អាមេរិកថា អាស៊ាន មានការខុសឆ្គង ខាងនយោបាយ ដែលបានអនុញ្ញាត ទទួលយក មីយ៉ាន់ម៉ា វៀតណាម កម្ពុជានិងឡាវ ជាពិសេសកម្ពុជា ដែលនៅមានរបបនយោបាយ ឥតទាន់សមស្រប ចូលជាសមាជិកអាស៊ាន(sic)! បន្ទាប់មកថ្មីៗនេះ ប្រមុខដឹកនាំរបស់សិង្ហបុរី បាននិយាយទៀតថា វត្តមានរបស់កងទ័ពវៀតណាម នៅកម្ពុជាឆ្នាំ១៩៧៩ គឺជាអំពើឈ្លានពាន(sic)! ឥឡូវនេះដោយមានការគាំទ្រ មិនចំហរពីប្រទេស២ អតីតឥស្សរជនទី២ នៅក្នុងក្រសួងការបរទេស សិង្ហបុរី បានទាមទារឱ្យ បណ្ដេញ ឡាវនិងកម្ពុជា ចេញពីអាស៊ាន ដើម្បីស្រោចស្រង់ ប្រទេស៨ទៀត ដែលនៅសេសសល់ ក្នុងអាស៊ាន(sic)!។
ជាការពិត នេះពុំមែនជាលើកដំបូង ដែលបញ្ហាបណ្ដេញ សមាជិកត្រូវបានចោទឡើង ជាសំណួរយ៉ាងដូច្នោះ នៅក្នុងអាស៊ានឡើយ! ព្រោះបញ្ហាប្រទេស មីយ៉ាន់ម៉ា ដែលមុននេះស្ថិតនៅក្រោម របបយោធាភិបាល ក៏ត្រូវបានលើកឡើង ចោទជាសំណួរដែរ!។ បុគ្គលជ្រុលនិយម Kausikan នេះបានលើកឡើងថា ឡាវ និងកម្ពុជា ត្រូវយល់ថាផលប្រយោជន៍ របស់ប្រទេសទាំងពីរនេះ ត្រូវផ្សារភ្ជាប់ទៅនឹង ផលប្រយោជន៍រួមរបស់តំបន់(sic)!។ ពេលដែលសិង្ហបុរីប្រកាស ឯករាជ្យភាពនៅ ១៩៦៣ កម្ពុជាជាប្រទេសដំបូងបំផុតក្នុងតំបន់ដែលបានប្រកាសទទួលស្គាល់ខឿនឯករាជ្យរបស់សិង្ហបុរីក្នុងពេលដែលឥស្សរភាព បូរណភាព និងឯករាជ្យភាពរបស់សិង្ហបុរី នៅពោរពេញទៅដោយភាព ចម្រូងចម្រាស់ ជាមួយប្រទេសភូមិផងនោះ នៅឡើយ! រួចមក នៅថ្ងៃទី១០ ខែសីហា ១៩៦៥ ប្រទេសកម្ពុជា បង្កើតចំណងការទូត ជាមួយសិង្ហបុរី ។ Bilahari Kausikan ជាជនជាតិសិង្ហបុរី តែមានដើមកំណើត មកពីឥណ្ឌា ដែលអាចនេះគឺជានិមិត្តិរូប តំណាងឱ្យក្រុមIndo Pacific ប្រឆាំងទៅនឹងគោលនយោបាយ BRI ដែលជានយោបាយមួយ ធ្វើឱ្យពួកនេះ បាត់បង់នូវផលប្រយោជន៍ សេដ្ឋកិច្ចជាចម្បងនោះ!។
ចំពោះមុខមិនអាចបណ្ដេញ ឡាវនិងកម្ពុជា ចេញពីអាស៊ានបាន ដោយកត្តាមួយចំនួន៖
ក) លើផ្នែកបច្ចេកទេស នយោបាយចាំបាច់ ត្រូវមានការឯកភាពរួម(consensus) ទើបអាចអនុវត្តបាន! តែលើផ្នែកផលប្រយោជន៍ ថៃនិងមីយ៉ាន់ម៉ា ច្បាស់ជានឹងមិនផ្ដល់ការគាំទ្រ ដោយប្រទេស២នេះ ត្រូវការ ឡាវនិងកម្ពុជា ហើយប្រទេស២នេះ ក៏គ្មានអត្ថប្រយោជន៍ណាមួយ លើសមុទ្រចិនខាងត្បូងដែរ។
ខ) ទីពីរ បើអាស៊ាន បាត់សមាជិក២ គឺសមាគមអាស៊ានមួយនេះ លែងមានអត្ថន័យ ជាសមាគមអាស៊ី នាំមុខមួយ នៅក្នុងតំបន់! ច្បាស់ជានឹងមានប្រទេសខ្លះ ដាច់ខាតមិន ឯកភាពឡើយ!។
គ) ការបណ្ដេញ ឡាវនិងកម្ពុជា ចេញពីអាស៊ាន ដោយលក្ខណៈមិនធម្មតា និងពិសេសយ៉ាងនេះ គឺជាសេចក្ដីសម្រេចមួយ ដែលមានចរិតមិនឈ្លាសវៃ និងមិនអំណោយផល ព្រោះក្នុងប្រទេសអាស៊ាននីមួយៗ សុទ្ធតែបានខិតខំ ការពារ នូវផលប្រយោជន៍ជាតិ របស់ប្រទេសខ្លួនទាំងអស់ ទាំងភូមិផង តំបន់និងពហុភាគី! បើឡាវនិងកម្ពុជា ស្និទចិន ក៏មានប្រទេសអាស៊ានខ្លះ ស្និទអាមេរិក មានទាំងមូលដ្ឋានយោធា របស់អាមេរិក តាំងនៅទៀតផង!។
ឃ) ការបណ្ដេញ ឡាវនិងកម្ពុជា ចេញពីអាស៊ាន គឺជាការធ្លាក់ទៅក្នុងអន្ទាក់ របស់មហាអំណាចណាមួយ នៅក្រៅតំបន់!ព្រោះ មានអនុភាពនយោបាយខ្លះ មិនចង់ឃើញអាស៊ាន មួយខ្លាំង ឯកភាព សាមគ្គី ដែលជាភាពមួយដ៏លំបាក ក្នុងការអូសទាញ ឱ្យអាស៊ាន ដើរតាមអំណាចនេះប្រឆាំងទៅនឹង អំណាចនោះ! ហើយចុងក្រោយ ចិនជាអ្នកចំណេញបំផុត ក្នុងនយោបាយ បំបែកបំបាក់នេះ! ព្រោះចិនបាននិងកំពុងធ្វើ ហើយលើសំណុំរឿង ទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនោះ!
ង) ទោះបីជាអនុវត្ត មិនបានតែការលើកឡើង អំពីទិដ្ឋភាពបណ្ដេញ ឡាវនិងកម្ពុជា គឺជាបុព្វបទមួយដ៏អាក្រក់ និងគ្រោះថ្នាក់បំផុតសម្រាប់អនាគតអាស៊ាននោះ!។
ជាបទពិសោធន៍ ក្នុងប្រវត្តិសាស្រ្ត ជាពិសេសក្នុងទំនាក់ទំនងអន្តរជាតិ គឺពុំមានមិត្តអមតៈ សត្រូវយូអង្វែង មានតែផលប្រយោជន៍ជាតិតែមួយគត់ ដែលស្ថិតស្ថេររៀងរហូត!។
គោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ ពុំបានធ្វើឱ្យកម្ពុជាបាត់បង់ ឥស្សរភាព អ្វីទាំងអស់ ក្រៅពីបាននាំមកនូវ អត្ថប្រយោជន៍យ៉ាងធំធេង លើវិស័យកំណើនសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺការពារ និងពង្រឹងបានបូរណភាព និងអធិបតេយ្យភាព និងឥស្សរភាពទៀតផង!៕
ដោយ៖ ហើស សិរីធន អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ