ភ្នំពេញ ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជម្នះ ៧ មករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានសូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា។
សម្ដេចតេជោ បន្ដថា ខួបលើកទី៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជា ត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹត អស់រយៈពេល ៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ ។
សម្ដេចតេជោ បញ្ជាក់ថា របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់ អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូល បានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ។
គួររំលឹកដែរថា កាលពី ៤២ មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗ រស់នៅក្រោមការបង្ខិតបង្ខំ អោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារ មិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះ បានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាង នៅសល់តែស្បែកដណ្តប់ឆ្អឹង គឺរងចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។
ប៉ុន្តែក្រោយពីប្រទេសជាតិ ត្រូវបានរំដោះចេញផុត ពីរបបឃោរឃៅព្រៃផ្សៃមួយនេះ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាព ពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់ វិស័យមកទល់សព្វថ្ងៃ។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិត នៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍»។
ជាងនេះទៅទៀ ត ក្នុងឱកាសឆ្នាំសកលថ្មី ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក៏បានជូនពរប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សេចក្តីចម្រើន៕
ដោយ ៖ អេង ប៊ូឆេង