ព័ត៌មានជាតិ

សម្តេច ហេង សំរិន អបអរសាទរខួបលើកទី៤២ ថ្ងៃជ័យជម្នះ៧មករា

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៧ មករា ឆ្នាំ២០២១ បានអបអរខួបលើកទី៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩។

សម្តេច ហេង សំរិន បានសរសេលើបណ្តាញសង្គមហ្វេសប៊ុកថាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២១ ជាថ្ងៃគម្រប់ខួបលើកទី៤២ នៃទិវាជ័យជម្នះប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ដែលបានកាប់សម្លាប់ និងធ្វើឱ្យយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។

ជាមួយគ្នានោះដែរសម្តេច ក៏បានលើកឡើងថា
ដោយសារតែជំងឺកូវីដ-១៩ យើងមិនបានរៀបចំពិធី មីទ្ទីងអធិកអធមដូចរាល់ឆ្នាំ តែប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមមូលដ្ឋាន បានរៀបចំពិធីតូចៗ ដើម្បី រំលឹកនូវអនុស្សាវរីយ៍ថ្ងៃ ជ័យជម្នះជាប្រវត្តិសាស្រ្ត ដែលបានផ្តល់កំណើតទី២ ដល់យើងគ្រប់គ្នា ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តប្រទេសជាមិត្ត ដែលបានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធ តស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានពួតដៃគ្នាការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ។

សម្តេចបញ្ជាក់ថា “ជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានកើតចេញពីកម្លំាងចលនា តស៊ូមហាជនស្នេហាជាតិ ក្រោមការដឹកនាំរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បង្កើតឡើងដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិដទៃទៀត។”

សម្តេចប្រធានរដ្ឋសភាថាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ បានផ្តល់ឱកាសពេញលេញដល់ យើងក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការវិវឌ្ឍ រីកចម្រើនលូតលាស់ជាបន្តបន្ទាប់ ។ ក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ជាលំដាប់ កំណើនសេដ្ឋកិច្ចរក្សាបានក្នុងរង្វង់ ៧% ជាច្រើនឆ្នាំជាប់គ្នា នៅក្នុងរយៈពេលចុងក្រោយ មុនការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។

សម្តេចបន្ថែមថាទោះបីចាប់ពីឆ្នាំ២០២០មក យើងបានជួបនូវវិបត្តិជំងឺកូវីដ-១៩ ជាមួយពិភពលោកទំាងមូលយ៉ាងណាក្តី តែកម្ពុជានៅតែអាចរក្សាបាន នូវការកាត់បន្ថយអត្រាភាពក្រីក្រ បានដោយជោគជ័យ។

សម្តេចគូសបញ្ជាក់ថា”យើងបានប្រែក្លាយពីប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយយើងបន្តប្រឹងប្រែង អភិវឌ្ឍប្រទេសក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូល ខ្ពស់នាពេលអនាគត តាមចក្ខុវិស័យច្បាស់លាស់ និងត្រឹមត្រូវរបស់យើង”។

ជាមួយគ្នានោះដែរសម្តេចក៏បានសង្កត់ធ្ងន់ថា
ក្រោមម្លប់សុខសន្តិភាព យើងបានកំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេស។ កម្ពុជាបានចែករំលែកទំាងសកម្មភាព ទស្សននិងធនធាន ជាមួយពិភពក្នុងការកសាងសន្តិភាព និងជួយគ្នានៅគ្រាមានមានទុក្ខលំបាក ដូចជាបានបញ្ជូនកងកម្លំាងរក្សាសន្តិភាព ទៅកាន់ប្រទេសជាច្រើន នៅក្រោមឆ័ត្រអង្គការសហប្រជាជតិ ហើយនៅពេលមានវិបត្តិកូវីដ១៩នេះ យើងបានផ្តល់ជំនួយជាម៉ាស និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួន ដល់ប្រទេសក្នុងសហគមន៍អាស៊ាន និងតំបន់អាស៊ី មានប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត និងប្រទេសនេប៉ាល់ជាដើម។

សម្តេចថាសមិទ្ធផលធំៗរបស់ជាតិជាច្រើន កំពុងរីកផុសឡើងនៅទូទាំងប្រទេស ពិសេសទឹកដីខេត្តសៀមរាប និងខេត្តព្រះសីហនុ។ អ្វីដែលយើងទាំងអស់គ្នា កំពុងសារទរទៀតនោះ គឺអណ្តូងរ៉ែប្រេង ដែលជាធនធាន ដ៏មានតម្លៃរបស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មីមួយទៀត ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន ធូរធារឡើងមួយ កម្រិតទៀតនាពេលអនាគត។

សម្តេចបន្ថែមថាមានសុខសន្តិភាព ទើបយើងមានឱកាសកសាង និងអភិវឌ្ឍប្រទេសជាតិ និងកសាងកិត្យានុភាពប្រទេសយើង នៅលើឆាកអន្តរជាតិទៀតផង។ សូមជនរួមជាតិថែរក្សាស្មារតី៧មករា ក៏ដូចជាថែរក្សាសុខសន្តិភាព ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងរុងរឿងថែមទៀត នាពេលខាងមុខនេះ៕ ស.សំណាង

To Top