ភ្នំពេញ៖ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានលើកឡើងថា គួរបើកចិត្តឲ្យទូលាយ ចំពោះអ្នកដឹងគុណ និងអ្នកមិនដឹងគុណ ថ្ងៃកំណើតទី២ គឺថ្ងៃ៧ មករា ១៩៧៩។
លោក សាម អ៊ីន បានលើកឡើងក្នុងបណ្តាញ សង្គមហ្វេសប៊ុកថ្ងៃ៧ មករា ថា “យើងត្រូវបើកចិត្តយើងឲ្យទូលាយ ដោយយល់អធ្យាស្រ័យចំពោះខ្មែរ ដែលចង់បន្តដឹងគុណ ៧មករា និងខ្មែរដែលចង់បញ្ចេញមតិមិនដឹងគុណ ៧មករា។ ការមានគំនិតនិងមតិមិនដូចគ្នាទៅលើរឿង កើតឡើងតែមួយគឺជារឿង ធម្មតាក្នុងសង្គមមនុស្ស ហើយជារឿងល្អប្រពៃ ក្នុងសង្គមប្រជាធិបតេយ្យ”។
លោកថា វប្បធម៌នយបាយថ្មី គឺការបើកចិត្តឲ្យទូលាយ ចេះយល់អធ្យាស្រ័យគ្នាចំពោះមតិខុសគ្នា និងចេះធ្វើការរួមគ្នាជាជាតិមួយ ក្នុងការថែរក្សាសន្តិភាព លើកស្ទួយយុត្តិធម៌ និងកសាងសង្គមប្រជាធិបតេយ្យ មួយដែលចាស់ទុំនិងរស់រវើក ហើយទប់ស្កាត់កុំឲ្យប្រវត្តិសាស្រ្ត ជូរចត់ត្រលប់មកវិញ។ នេះជារឿងដែលខ្មែរអាចធ្វើបាន។
ថ្ងៃទី៧ មករា ២០២១នេះ ជាថ្ងៃគម្រប់ខួប៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែល បានផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមាន ជីវិតឡើងវិញបានទាន់ពេលវេលា ហើយបើកឡើងនូវ សករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សម្ដេចតេជោ បន្ដថា រយៈពេល៤២ឆ្នាំមកនេះ ប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាព ក្នុងការ ការពារ និងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ។សម្ដេចថា នៅលើវិថីដ៏សែនលំបាកនេះ គណបក្ស ប្រជាជនកម្ពុជា ដែលបានដឹកនាំការតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ ឧបសគ្គតូចធំច្រើនរាប់មិនអស់ រហូតមកដល់ដំណាក់ កាលអភិវឌ្ឍក្នុងសន្តិភាព ប្រកបដោយមោទនភាព ៕