ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើនគរបាល-ក្រសួង សាធារណការ ស្រាវជ្រាវចាប់ម៉ូតូ ដាក់បំពង់ស៊ីម៉ាំង ខុសលក្ខណៈ បច្ចេកទេស រំខានពលរដ្ឋ

ភ្នំពេញ ៖ ក្រោយពីមានក្មេងទំនើងមួយចំនួន ជិះម៉ូតូធំកែច្នៃដាក់បំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់ ប្រជាពលរដ្ឋនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានស្នើដល់កម្លាំងនគរបាល សហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន ត្រូវស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាយកមកអប់រំ ណែនាំ ធ្វើយ៉ាងណាលុបបំបាត់ឲ្យអស់ ។

ក្នុងកិច្ចប្រជុំដើម្បីពិភាក្សា កែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា ម៉ូតូដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស បង្កជាសំឡេងរំខាន ដល់ប្រជាពលរដ្ឋ ត្រូវតែលុបបំបាត់ឲ្យអស់ ដោយមិនត្រូវឲ្យមានបន្ដទៀតឡើយ ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បច្ចុប្បន្ននៅក្នុងក្រុងម៉ូតូធំៗច្រើន ស្នើក្រសួងសាធារណការ បញ្ជូនផ្លាកលេខមកប៉ូលីស ដើម្បីឲ្យដឹងអាសយដ្ឋានម៉ូតូហ្នឹង ព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើងជិះ វាជិះហើយវាដកបំពង់ស៉ីម៉ាំងចេញ។ បើវាជិះមុខផ្ទះយើង បើដេកកំពុងតែស្ងប់ដឹងតែភ្ញាក់ សម្ដេចនាយករដ្ឋមន្ដ្រី ធ្លាប់រអ៊ូលើបញ្ហានេះនៅម្ដុំវិមានឯករាជ្យ» ។

សម្ដេចក្រឡាហោម បានឲ្យដឹងទៀតថា នាពេលកន្លងមកអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗដោយបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយពេលខ្លះរំខាន ដល់ដំណេករបស់ថ្នាក់ ដឹកនាំថែមផងដែរ៕

To Top