ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ផ្តាំផ្ញើអង្គភាពសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវយកចិត្តទុកដាក់ និង សាងសង់តាមបច្ចេកទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើឲ្យអង្គភាព សាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋានបច្ចេកទេស ចៀសវាងការសាងសង់រួចហើយ ត្រូវគាស់កកាយ ជួសជុលឡើងវិញ នាំឲ្យខាតបង់ថវិកាទៀត។

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប អនុវត្តដោយអង្គភាព សាងសង់ផ្លូវ ចំនួន៨ ដើម្បីពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌ តម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែង តាមអាយុកាល មានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសចុះពិនិត្យគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «សូមផ្ដាំផ្ញើឲ្យអង្គភាពសាងសង់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋាន បច្ចេកទេសសាងសង់ និងសៀវភៅបន្ទុកដែលបានព្រមព្រៀង ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកាបន្ថែមទៀត»។

ជាមួយគ្នានោះផងដែរ រដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំឲ្យអង្គភាពស្ថាបនាផ្លូវ ធ្វើការពិភាក្សាអំពី លក្ខណៈបច្ចេកទេសឲ្យបានល្អិតល្អន់ជាមួយ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស ជាពិសេស គុណភាពនៃសម្ភារបរិក្ខារ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ដើម្បីធានាបាននូវការប្រើបាស់ សម្ភារបរិក្ខារ មានគុណភាព។

ជាការឆ្លើយតប អង្គភាពស្ថាបនាផ្លូវទាំងនោះ បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែង អនុវត្តតាមក្បួនខ្នាតបច្ចេកទេស ដែលបានព្រមព្រៀង ដើម្បីធានាឲ្យគុណភាពសំណង់ មានភាពរឹងមាំអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ជូនថា គម្រោងកែលម្អហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤០ លានដុល្លារ អាមេរិក និងថវិកា ប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោង សាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ៕

To Top