ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ បញ្ហាគ្រឿងញៀន រីករាលដាល ដល់ជនបទកាន់តែច្រើន អាជ្ញាធរត្រូវបង្ក្រាប ឲ្យទាន់ពេលវេលា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាគ្រឿងញៀនបានរីករាលដាល ដល់ជនបទកាន់តែច្រើន ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនត្រូវបន្ដបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន គ្រប់ប្រភេទឲ្យទាន់ពេលវេលា ។

ក្នុងកិច្ចប្រជុំដើម្បីពិភាក្សា កែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង អំពាវនាវទៅដល់អាជ្ញាធរ មូលដ្ឋានទូទាំងប្រទេស ត្រូវបន្ដពង្រឹងសមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីបន្ដទប់ស្កាត់ បញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ខេត្តមួយចំនួន ដែលបានរាយការណ៍មកខ្ញុំ ហើយមានខេត្តមួយចំនួនមានគ្រឿងញៀន កាន់តែច្រើន បានសេចក្ដីថា គ្រឿងញៀនរាលដាល់ដល់ជនបទកាន់តែច្រើន ហើយនេះមានហានិភ័យសម្រាប់យើង»។

យោងតាមសេចក្តីព្រាងគោល នយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានឲ្យដឹងថា អាជ្ញាធរត្រូវចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ ឲ្យបានជាអតិបរមា នូវការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់ការដាំដុះ ការរក្សាទុក ការលួចកែច្នៃសារធាតុញៀន គ្រប់ប្រភេទតាមគ្រប់រូបភាពនៅតាម ភូមិ-ឃុំ-សង្កាត់។

ជាងនេះទៅទៀត អាជ្ញាធរ ត្រូវជំរុញបំផុសចលនា អប់រំ មហាជនដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន គ្រប់ប្រភេទជាពិសេស អនុវត្តឲ្យបានទូលំទូលាយ នូវខ្លឹមសារទិសស្លោក «បីកុំ-មួយរាយការណ៍» ៖ បីកុំ មានន័យថា កុំពាក់ព័ន្ធ, កុំអន្ដរាគមន៍, កុំលើកលែង។ ចំណែក មួយរាយការណ៍ មានន័យថា ផ្ដល់ព័ត៌មានដល់សមត្ថកិច្ច អំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀន។

បន្ថែមពីនេះទៀត ប្រជាពលរដ្ឋត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អនុវត្តតាមច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន យុទ្ធសាស្ដ្រទាំង៥ នៃផែនការជាតិស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន បទបញ្ជាសារាចរណែនាំ និងផែនការយុទ្ធនាការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល តាមគ្រប់ដំណាក់កាល៕

To Top