ព័ត៌មានជាតិ

ស៊ីម៉ាក់ ចាប់ផ្ដើមប្រតិបត្តិការ គម្រោងជំនួយរបស់ចិន ២.៥លានដុល្លារ លុបបំបាត់គ្រាប់មីននៅកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចាប់ផ្ដើមបើកប្រតិបត្តិការគម្រោង «ជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលមានទឹកប្រាក់ ចំនួន ២,៥០០,០០០ដុល្លារ សម្រាប់រយៈពេល១ឆ្នាំ។

យោងតាមគហេទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាពេលថ្មីៗនេះ បានជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំងប្រតិបត្តិការ បានប្រកាសបើកកិច្ចប្រតិបត្តិការគម្រោង «ជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលរដ្ឋាភិបាលចិនផ្តល់ជំនួយ ឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ នៃខេត្តព្រះវិហារ។

គម្រោងនេះមានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ២,៥០០,០០០ដុល្លារអាមេរិក នឹងត្រូវប្រតិបត្តិការនៅខេត្តឧត្តរមានជ័យ ,ខេត្តស្ទឹងត្រែង ,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត ៣០០នាក់។

ជាងនេះទៅទៀត គម្រោងនេះត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ១៦៥០ហិកតា និងសកម្មភាពអប់រំយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន ចំនួន៧ខេត្ត។

សូមរំលឹកថា ឆ្នាំ២០២០កន្លងទៅនេះ គម្រោង «ជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» បានរំដោះដីចំការ មីន/ គ្រាប់សំណល់ជាតិផ្ទុះ ចំនួន១.៧០៨ហិកតា រុករកឃើញកំទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៩.២៣៨គ្រាប់ ៕

To Top