ព័ត៌មានជាតិ

ម៉ូតូ បំពាក់សំឡេងរំខាន ប្រមាណ៦០គ្រឿង ត្រូវបានឃាត់ទុក រង់ចាំការពិនិត្យ ពីស្ថាប័នពាក់ព័ន្ធ មុនប្រគល់ឲ្យម្ចាស់វិញ

ភ្នំពេញ៖ ម៉ូតូធំៗដែលបានបង្ក សំឡេងរំខាន ក៏ដូចជាម៉ូតូ ដែលកែច្នៃស៊ីម៉ាំងរំខាន ដល់ប្រជាពលរដ្ឋ ប្រមាណ៦០គ្រឿង ត្រូវបានអាជ្ងាធរ ឃាត់ទុក ដោយរងចាំការត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ពីសំណាក់ ស្ថាប័នពាក់ព័ន្ធនានា មុននឹងប្រគល់ជូន ម្ចាស់ម៉ូតូទាំងនោះវិញ ។

ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១២នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានលើកឡើងថា ការទប់ស្កាត់ម៉ូតូ បំពងសម្លេងរំខាន អាជ្ញាធរ ក៏ដូចជាកម្លាំង មានសមត្ថកិច្ច បានធ្វើការឃាត់ម៉ូតូ បានចំនួន៦០គ្រឿងហើយ ក្នុងចំនួននេះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធ ពិសេសគឺមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងមន្ទីរបរិស្ថាន រាជធានីភ្នំពេញ ត្រូវចុះផ្ទាល់ ទៅដល់ទីតាំងដែលបានឃាត់ទុក នៅរសៀលនេះ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការប៉ះពាល់ ទៅលើបរិស្ថាន មុននឹងប្រគល់ ឲ្យម្ចាស់ម៉ូតូវិញ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា ម៉ូតូដែលមានសំឡេងបំពង ខុសលក្ខណៈបច្ចេកទេស គឺនៅរក្សាទុកដដែល ដោយរង់ចាំ ការណែនាំពីក្រសួងមហាផ្ទៃ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “កម្លាំងមានសមត្ថកិច្ច របស់រាជធានី មិនបានចាប់ម៉ូតូធំៗនេះ ពីក្នុងផ្ទះប្រជាពលរដ្ឋ ដូចការលើកឡើង របស់ជនអគតិមួយចំនួនណានោះទេ” ។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក ឃួង ស្រេង បានលើកឡើងដែរថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ជាបញ្ហាមួយ ដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធ ទាំងពីរប្រភេទ ត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ទទួលបាន នូវការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងនោះដែរលោក ក៏បានជម្រុញ អោយអាជ្ញាធរខណ្ឌទាំង១៤ បន្តការចុះតាមបុរីនានា នៅក្នុងរាជធានីភ្នំពេញដោយចងក្រង ជាកម្លាំង និងត្រូវដោះស្រាយបញ្ហាភ្លាម ជូនប្រជាពលរដ្ឋ ករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ជូនមកថ្នាក់រាជធានីភ្នំពេញ ដើម្បីអោយថ្នាក់រាជធានីបន្តដោះស្រាយបន្តទៀត។

លោកស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានលើកឡើង ក្នុងកិច្ចប្រជុំនេះដែរថា នៅក្នុងរាជធានីភ្នំពេញមាន សន្តិសុខ សណ្ដាប់ធ្នាប់ ល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នៅតែមានបញ្ហាប្រឈម មួយចំនួនផងដែរ ដែលត្រូវតែបន្ត យកចិត្តទុកដាក់ នោះគឺបញ្ហាគ្រឿងញៀន ដែលមកដល់ពេលនេះ បទល្មើសគ្រឿងញៀន ការសេពគ្រឿងញៀន នៅតែបន្តកើតមាន និងត្រូវរួមគ្នា ទប់ស្កាត់ ។

លោកបញ្ជាក់ផងដែរថា រាល់បទល្មើស ដែលបានកើតឡើងភាគច្រើន ជនបង្កបទល្មើសភាគច្រើន ជាអ្នកដែលមានសារធាតុញៀន ៕

To Top