ព័ត៌មានជាតិ

អភិបាលរងខេត្តកណ្ដាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា

កណ្ដាល៖ លោក នុត ពុធដារា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរជុំវិញខេត្ត លោក ប៊ុន ផេង អភិបាលស្រុក លោក-លោកស្រី អភិបាលរងស្រុក លោកនាយក នាយិការ នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូប។

សូមជម្រាបថា នៅថ្ងៃទី១១ មករា នេះ ជាកាលកំណត់នៃការ បើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ពេលវេលានៃការបើក បវេសនកាលនៅឆ្នាំនេះ ត្រូវបានពន្យារពេលមកដល់ខែមករា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩។

នាឱកាសនោះ លោក នុត ពុធដារា អភិបាលរងខេត្តកណ្ដាល បានអានសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើកបវេសនកាលថ្មី ២០២០-២០២១ ។ ក្នុងសារបើកបវេសនកាល នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីចំណាប់អារម្មណ៍ ចំពោះការសិក្សានៅកម្ពុជាក្នុងយុគសម័យកូវីដ១៩ ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំកន្លងទៅ។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អាណាព្យាបាលសិស្ស សប្បុរសជន គណៈគ្រប់គ្រងសាលា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធានាដល់ដំណើរការ នៃការអប់រំក្នុងបរិបទកូវីដ-១៩ ៕

To Top