ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. អញ្ជើញចូលរួមស្វែងយល់ ក្នុងវគ្គបណ្តុះបណ្តាល ​តាមរយៈប្រព័ន្ធវីដេអូ (Video Conference)

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីអភិបាលកិច្ច និងការគ្រប់គ្រងការវិនិយោគ និងទិន្នន័យសម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុនៃរបបសន្តិសុខសង្គម តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ លោកថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ពិតជារីករាយ និងស្វាគមន៍ចំពោះការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយនេះឡើង។

លោកអគ្គនាយក បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ វាពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍ សមត្ថភាពជំនាញលើការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងការវិនិយោគ និងទិន្នន័យសម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ នៃរបបសន្តិសុខសង្គមកម្ពុជា ដើម្បីជាទុនមួយសម្រាប់ការគ្រប់គ្រងរៀបចំ រចនាសម្ព័នវិនិយោគ លើដំណើរការអភិវឌ្ឍន៍វិស័យរបបសន្តិសុខសង្គម ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងការណែនាំរបស់ប្រមុខ ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងសម័យកាលកូវីដ១៩ ។

ជាមួយនឹងការបណ្តុះបណ្តាល ពីអ្នកជំនាញការមកពីអង្គការអន្តរជាតិខាងការងារ (ILO) និងអ្នកជំនាញការមកពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) លោកអគ្គនាយក បានស្នើដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញនៃ ប.ស.ស. ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ ដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញឱ្យកាន់តែល្អប្រសើរ ក្នុងការរៀបចំគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងការវិនិយោគប្រកបដោយភាពជោគជ័យ ជាពិសេសសមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មេត្តាជួយផ្តល់ជាមតិយោបល់ ដើម្បីទទួលបាននូវធាតុចូលសំខាន់ៗ ក្នុងការលើកកម្ពស់ឱ្យវគ្គបណ្តុះបណ្តាលមួយនេះកាន់តែមានលក្ខណៈទូលំទូលាយ ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកអគ្គនាយក បានបន្តទៀតថា ការពិតទៅ វគ្គបណ្តុះបណ្តាលនេះ គឺតម្រូវឱ្យសិក្ខាកាម ចូលសិក្សាស្វែងយល់ដោយផ្ទាល់ ក៏ប៉ុន្តែដោយសារជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល និងដើម្បីរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល តាមការណែនាំរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល យើងត្រូវសិក្សាតាមរយៈប្រព័ន្ធវីដេអូវិញ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើប្រព្រឹត្តិទៅចំនួន ២វគ្គ ដែលវគ្គទី១ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែមករា ឆ្នាំ២០២១ និងវគ្គទី២ ចាប់ពីថ្ងៃទី២៦ ដល់ទី២៧ ខែមករា ឆ្នាំ២០២១ ដែលបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តារមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅសាលប្រជុំធំ ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃ ប.ស.ស. និងក្រុមការងារនៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ជាច្រើននាក់៕

To Top