ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ជឿជាក់ថា កូនខ្មែរជំនាន់ក្រោយ នឹងមានសមត្ថភាព កសាងផ្លូវនិងស្ពាន ឆ្លងកាត់ទន្លេ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងការជឿជាក់ថា កូនខ្មែរជំនា ន់ក្រោយ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាង ផ្លូវ ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា ឲ្យមានគុណភាពល្អ។

ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា នៅពេលធ្វើផ្លូវ និងធ្វើស្ពាន ជួលបរទេសមកធ្វើរហូត។

លោកបញ្ជាក់ថា «ខ្ញុំជឿជាក់ថា និស្សិតបញ្ចប់ការសិក្សា ពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាងផ្លូវស្ពាននៅ កម្ពុជាយើងឱ្យមានគុណភាពល្អ»។
ជាងនេះទៅទៀត លោកក៏ចង់ឃើញកូនខ្មែរជំនាន់នេះ និងជំនាន់បន្តបន្ទាប់ មានសមត្ថភាពដូចបុព្វបុរសសម័យមុន ដែលមានសមត្ថភាព កសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាព ជាប់បានរាប់រយពាន់ឆ្នាំ ថែមទាំងល្បីល្បាញ ពាសពេញសកលលោកទៀតផង។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល លើកឡើងថា នេះគឺជាប្រវត្តិសាស្ត្រ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា បង្កើតថ្នាលបណ្ដុះបណ្ដាល លើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លងមក មិនទាន់ឃើញមានគ្រឹះស្ថានណាមួយ ផ្ដោតលើការបណ្ដុះបណ្ដាល លើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។

លោកបានសម្តែងមោទកភាព ប្រកបដោយទំនុកចិត្តថា និស្សិតខ្មែរនឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាងហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា បានយ៉ាងមានប្រសិទ្ធភាព និងគុណភាពខ្ពស់ បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅក្នុងវិទ្យាស្ថាននេះ។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា « យើងមានលទ្ធភាពកសាងគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរ ប៉ុន្តែកូនខ្មែរទាំងអស់ ត្រូវមានឆន្ទៈខ្ពស់ និងមុតស្រួច ក្នុងការយកចំណេះដឹងទាំងនោះ ទៅបម្រើជាតិមាតុភូមិនៃយើង ឱ្យកាន់តែរីកច្រើនរុងរឿង ប្រកបដោយកេរ្តិ៍ឈ្មោះ ល្បីរន្ទឺពាសពេញពិភពលោក»៕

To Top