ភ្នំពេញ ៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់តំបន់ ជំងឺផ្ដាសាយបក្សី ចំនួន១កន្លែង នៅក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ នេះបើយោងតាមប្រកាសរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
ក្នុងនោះអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការ បសុព្យាបាល នៅតំបន់ផ្ទុះជំងឺផ្ដាសាយបក្សី ដែលមានចែងក្នុងប្រការ១ នៃប្រកាសនេះ និងអនុលោមតាមមាត្រា១៤ នៃច្បាប់ស្ពីពីសុខភាពសត្វ និងផលិតកម្មសត្វ ដូចខាងក្រោម ៖
ទី១-បំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានបច្ចេកទេសបសុពេទ្យ។
ទី២-ផ្អាកជាបណ្ដោះអាសន្ន លើការទិញ ការលក់ និងការដឹកជញ្ជូនបក្សីគ្រប់ប្រភេទ ចូល-ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះ ជាតំបន់ត្រួតពិនិត្យ និងតាមដាន។
និងទី៣-សិក្សាស្រាវជ្រាវប្រភព ជំងឺផ្ដាសាយបក្សី ក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើល ចលនាបក្សី ជាប្រចាំក្នុងរង្វង់ ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ ៕
![](https://dap-news.com/wp-content/uploads/2021/01/2960-724x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2961-1-724x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2962-724x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)