CNA បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែមករានេះថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានព្រមានថា ក្រុមបាតុករដែលត្រូវបានបំពាក់ដោយអាវុធ អាចនឹងចេញធ្វើបាតុកម្មនៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី និងនៅទីក្រុងនានាក្នុងរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក នៅថ្ងៃស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ។
ប្រភពដដែលបានបន្តថា លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ដោយមានការថ្លែងសុន្ទរកថាដោយផ្ទាល់ពីប្រធានាធិបតីជាប់ឆ្នោតរូបនេះ អំពីគោលនយោបាយសំខាន់របស់រដ្ឋាភិបាលថ្មី ។
កងកម្លាំងអនុវត្តច្បាប់សហព័ន្ធ (Federal law enforcement) បានអោយដឹងថា ការព្រមានរបស់ FBI ត្រូវបានធ្វើឡើងដោយផ្អែកលើតម្រុយនៃការស៊ើបអង្កេតពីអំពើហិង្សាដែលបានកើតឡើង កាលពីថ្ងៃពុធ ទី៦ ខែមករា ដែលបានបណ្តាលអោយមនុស្សចំនួន៥នាក់ បានបាត់បង់ជីវិត ក្នុងនោះមានប៉ូលីសម្នាក់ និងជនស៊ីវិល៤នាក់ ។
អំពើហិង្សានោះ បានកើតឡើងដោយសារក្រុមបាតុកររាប់រយនាក់ ដែលបាតុករមួយចំនួនប្រដាប់ដោយអាវុធ បានសម្រុកចូលទៅក្នុងវិមានកាប់ពីតូល ជាទីដែលសមាជិករដ្ឋសភា និងព្រឹទ្ធសភា កំពុងចូលរួមប្រជុំក្នុងការសម្រេចចុងក្រោយ និងប្រកាសជាផ្លូវការនូវបេក្ខជនប្រធានាធិបតីអាមេរិកក្នុងអាណត្តិបន្ទាប់ ។
ខណៈដែលក្រុមបាតុករកំពុងសម្រុកចូលទៅក្នុងវិមានកាប់ពីតូល កងកម្លាំងសន្តិសុខមួយចំនួន បានព្យាយាមជម្លៀសខ្លួនសមាជិករដ្ឋសភា និងព្រឹទ្ធសភាចេញពីកន្លែងកើតហេតុ និងកងកម្លាំងសន្តិសុខក្រុមផ្សេងទៀត បានព្យាយាមរារាំងក្រុមបាតុករ មិនអោយចូលទៅក្នុងវិមានកាប់ពីតូល ប៉ុន្តែក្រុមបាតុករនៅតែចូលទៅក្នុងវិមាននេះបាន ។
ដោយសារតែមានអំពើហិង្សានេះ កិច្ចប្រជុំសភាពេញអង្គនៅវិមានកាប់ពីតូល ត្រូវបានប្រកាសផ្អាករយៈពេលពី៦ទៅ៨ម៉ោងក្នុងគោលដៅរក្សាសុវត្ថិភាព ប៉ុន្តែនៅទីបំផុតអង្គបោះឆ្នោត បានប្រកាសលោក ចូ បៃដិន ជាប្រធាធិបតីទី៤៦របស់សហរដ្ឋអាមេរិកជាផ្លូវការ ។
ឧត្តមសេនីយ៍ ដាញែល ហុកកាន់សុន (Daniel Hokanson) ប្រធានការិយាល័យឆ្មាំជាតិ (National Guard Bureau) បាននិយាយថា លោក ត្រូវការកងកម្លាំងយោធាប្រមាណ១០០០០នាក់ ក្នុងការដាក់ពង្រាយនៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ចាប់ពីថ្ងៃសៅរ៍ ទី១៦ ខែមករានេះទៅ ដើម្បីរក្សាសន្តិសុខ និងទប់ទល់នឹងក្បូនបាតុកម្មដែលអាចផ្ទុះឡើង ។
ឧត្តមសេនីយ៍ ដាញែល ហុកកាន់សុន បានបន្ថែមថា ចំនួនកងកម្លាំងយោធាដែលនឹងត្រូវបានដាក់ពង្រាយនៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី អាចនឹងកើនឡើងដល់ជាង១៥០០០នាក់នៅពេលខាងមុខ ប្រសិនបើមានតម្រុយច្បាស់លាស់ពីក្រុមបាតុករប្រដាប់អាវុធ ដែលអាចនឹងចេញធ្វើបាតុកម្មប្រឆាំងនឹងការស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ។
ចំណែកអភិបាលក្រុង វ៉ាស៊ីនតោន ឌីស៊ី មូរៀល បូវស័រ (Muriel Bowser) បាននិយាយថា វិមានវ៉ាស៊ីនតោន កន្លែងទេសចរណ៍ និងទីសាធារណៈនានានៅទីក្រុងនេះ នឹងត្រូវបានបិទរហូតដល់ថ្ងៃទី២៤ ខែមករានេះ ដើម្បីទប់ស្កាត់ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ ដែលអាចនឹងធ្វើឡើងនៅថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី ។
អភិបាលក្រុង វ៉ាស៊ីនតោន ឌីស៊ី មូរៀល បូវស័រ បានបន្ថែមថា នេះជាលើកដំបូងហើយសម្រាប់សហរដ្ឋអាមេរិក ដែលបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខ ដែលអាចនឹងកើតមានឡើងនៅថ្ងៃស្បថចូលកាន់ តំណែងរបស់ប្រធានាធិបតីថ្មី ដែលតាមពិត គឺជាថ្ងៃរីករាយសម្រាប់ប្រជាពលរដ្ឋ ។
ក្តីបារម្ភពីបញ្ហាសន្តិសុខនៅសហរដ្ឋអាមេរិក មិនត្រឹមតែផ្តោតទៅលើតែក្រុមបាតុករប្រដាប់អាវុធ ដែលអាចនឹងចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មីនោះទេ គឺមានក្តីបារម្ភពីការវាយប្រហារភេរវកម្មផងដែរ ដែលក្រុមបាតុករ អាចនឹងឆក់ឱកាសនៃភាពវឹកវរនៅលើទឹកដីសហរដ្ឋអាមេរិក និងវាយប្រហារភេរវកម្មនៅប្រទេសនេះ ។
ក្នុងរយៈពេល៤ឆ្នាំនៃការកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើអោយប្រទេសមហាអំណាចមួយនេះ អាប់អោនកិត្យានុភាពយ៉ាងខ្លាំងតាមរយៈការបង្ហាញឥរិយាបថរើសអើងជាតិសាសន៍ រហូតដល់នាំអោយមានក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករជនជាតិអាមេរិកស្បែកខ្មៅនៅទូទាំងប្រទេស ហើយដំណាក់កាលចុងក្រោយនេះ លោក ត្រាំ បានឡាំប៉ាមិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា រហូតដល់ញុះញង់អោយមានអំពើហិង្សានៅវិមានកាប់ពីតូល ។
ដើមចមនាំអោយកើតរឿង
លោក ម៉ាយ តាយល័រ (Miles Taylor) អ្នកជំនាញផ្នែកសន្តិសុខរបស់សហរដ្ឋអាមរិក បាននិយាយថា ដើមចមដែលនាំអោយក្រុមបាតុករប្រដាប់ដោយអាវុធ អាចនឹងចេញធ្វើបាតុកម្មនៅក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីទី៤៦ សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករានេះ គឺដោយសារការញុះញង់របស់លោក ត្រាំ ។
លោក ម៉ាយ តាយល័រ បានបន្ថែមថា អ្នកនយោបាយ និងប្រជាពលរដ្ឋអាមេរិកមួយចំនួន ដែលគាំទ្រ និងជឿជាក់លើលោក ត្រាំ នឹងមិនសុខចិត្តទេចំពោះជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដែលលោក ត្រាំ បានចាញ់ក្នុងសម្លេងជាង៥លានសម្លេង ។
សហរដ្ឋអាមេរិក មានអង្គបោះឆ្នោត ឬសមាជិកសភាតំណាងរាស្ត្រទាំងខាងរដ្ឋសភា និងព្រឹទ្ធសភាសរុបចំនួន៥៣៨រូប ដែលក្នុងនោះ សមាជិករដ្ឋសភាសរុបចំនួន៤៣៨រូប និងសមាជិកព្រឹទ្ធសភាសរុបចំនួន១០០រូប ហើយគណបក្សប្រជាធិបតេយ្យទទួលបានអង្គបោះឆ្នោតចំនួន៣០៦រូប និងគណបក្សសាធារណរដ្ឋបានទទួល២៣២រូប ។
លោក ត្រាំ បានឡាំប៉ាតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោតខាងលើនេះតាំងពីដើមដំបូង តាមផ្លូវច្បាប់ផង និងតាមរយៈការរាប់សន្លឹកឆ្នោតឡើងវិញផង និងការអូសទាញអ្នកគាំទ្រផង ប៉ុន្តែលទ្ធផលឆ្នោតមិនមានការកែប្រែទេ ដោយគណបក្សប្រជាធិបតេយ្យជាអ្នកគ្រប់គ្រងទាំងសេតវិមាន ទាំងរដ្ឋសភា និងទាំងខាងព្រឹទ្ធសភា ដែលមូលហេតុនេះហើយ បានជាលោក ត្រាំ នៅតែកើតទុកមិនសុខចិត្តចំពោះបរាជ័យនេះ ៕