ព័ត៌មានជាតិ

ស្នងការដ្ឋាន នគរបាលខេត្តកោះកុង បើកវគ្គហ្វឹកហាត់ ដល់កងកម្លាំងអន្តរាគមន៍ពិសេស ដើម្បីការពារសុវត្តិភាពពលរដ្ឋ

កោះកុង ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ​ នគរបាលខេត្តកោះកុង នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានរៀបចំបើកវគ្គហ្វឹកហាត់ ដល់កម្លាំងនគរបាលជាតិ កងអន្តរាគមន៍ពិសេស វគ្គទី១ ជំនាន់ទី(២) ដែលមានសិក្ខាកាមចំនួន២២នាក់ ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ថែ្លងឲ្យដឹងថា ការហ្វឹកហាត់ដល់កងកម្លាំង នគរជាតិ គឺយើងអនុវត្តន៍ទៅតាមការចង្អុលបង្ហាញ និងមានការគាំទ្រ ពីលោកបណ្ឌិតនេន សាវឿន អគ្គស្នងការនគរជាតិ ដែលលោកបានជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងមានការគាំទ្រពីលោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងផងដែរ ។

លោកឧត្តមសេនីយ៍ គង់ មនោ បានថ្លែងបន្តថា ការហ្វឹកហាត់ដល់កងកម្លាំង អន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នាថ្ងៃនេះ គឺហ្វឹកហាត់វគ្គទី១ ជំនាន់ទី(២) ហើយការហ្វឹកហាត់នេះ ដើម្បីឲ្យមន្ត្រីនគរបាលជាតិ យកចំណេះដឹងទាំងអស់នេះ ទៅរក្សាការពារសន្តិសុខ បង្ក្រាបជនល្មើស ដើម្បីការពារ សុវត្តិភាព ជូនប្រជាពលរដ្ឋ និងសង្គមឲ្យមានសុវត្តិភាព ហើយមិនឲ្យជនល្មើសរួចខ្លួនឡើយ ។ ហើយក្នុងគោលបំណងពង្រឹង សមត្ថភាពកាយសម្បទារឹងមាំ យុទ្ធវិធី ការបង្ក្រាបជនល្មើស ជាពិសេសចេះប្រើប្រាស់អាវុធខ្លី ការពារខ្លួនឯងនិងការពារសុវត្តិភាព ប្រជាពលរដ្ឋនៅពេលជនល្មើស ចាំពលរដ្ឋធ្វើជាចំណាប់ខ្លាំង មិនថា លើផ្ទៃទឹកឬផ្លូវគោកឡើយ ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ការហ្វឹកហាត់ថ្ងៃនេះ មានកងអន្តរាគមន៍ពិសេស មកពីអធិការគ្រប់បណ្តាស្រុក កម្លាំងនគរបាលការពារព្រំដែន ជើងគោកលេខ៨២៧ និងកម្លាំងអន្តរាគមន៍ពិសេស ស្នងការដ្ឋាននគរបាលខេត្ត សរុប២២នាក់ ស្រី៣នាក់ ហើយការហ្វឹកហាត់នេះ មានវិធីសាស្រ្ត ១- របៀបប្រើប្រាស់អាវុធខ្លី និងតម្រង់ផ្ទាំងស៊ីប
២-វិធីចាប់ជនល្មើស
៣- វិធីចាប់ជនល្មើស ក្នុងទីវាលសាធារណៈ
៤-វិធីចាប់ជនល្មើសមានអាវុធ (ដំបងឬកាំបិត) និងមានគ្រូបង្គោលចំនួន១២នាក់ ស្រី៤នាក់ហើយនៅគ្រូបង្គោល ទទួលការហ្វឹកហាត់បញ្ចប់ វគ្គពីស្នងការនគរបាលខេត្ត ត្រូវរៀបចំឲ្យមានការហ្វឹកហាត់ នៅតាមអង្គភាពរៀងៗខ្លួន ជាបន្តបន្ទាប់ដើម្បីពង្រឹងកម្លាំង របស់អង្គភាពខ្លួនមានសមត្ថភាព កាយសម្បទារឹងមាំមានសមត្ថភាព គ្រប់គ្រាន់ក្នុងការបង្ក្រាបជនល្មើស ។

លោកឧត្តមសេនីយ៍ បានផ្តាំផ្ញើ ដល់មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវមានវិជ្ជាជីវៈក្រមសិលធម៌ល្អ អនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួន ក្នុងនាមជាសមត្ថកិច្ចការពារប្រទេសជាតិ ការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ហើយមិនត្រូវប្រើប្រាស់អាវុធផ្តេសផ្តាស ឬយកអាវុធមកលេងសើចឡើយ វានាំឲ្យមានទោស ដល់ខ្លួននោះឡើយ៕

To Top