ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គោលនយោបាយជាតិ ស្តីពី «ដំឡូងមី» ២០ ២០-២០២៥ មានគោលបំណង ធ្វើឲ្យកម្ពុជា ក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ ផលិតផលដំឡូងមី ប្រកបដោ យភាពជឿទុកចិត្ត សម្រាប់ជំរុញការ នាំចេញទៅទីផ្សារពិភពលោក ។ នេះបើ យោងតាមគេហទំព័រ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម ។
ក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិស្តីពីដំ ឡូងមី ២០២០-២០២៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា គោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥ ត្រូវបានណែនាំឲ្យបង្កើត ឡើង នៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជា ដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការ សកម្មភាព យុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៤-២០១៨ ។
លោកបញ្ជាក់ថា «គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្ត សម្រាប់ជំរុញការនាំចេញ ទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺ ,ទី១-ការផ្លាស់ប្តូរពីផលិតកម្ម ដំឡូងមី បែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមី បែបពាណិជ្ជកម្ម ,ទី២-ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមី ឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផល ពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទី៣- ការលើកកម្ពស់ភាព ប្រកួតប្រជែង ពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យ ដែលពាក់ព័ន្ធក្នុងការនាំចេញ»។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីពាណិជ្ជកម្ម លើកឡើងថា តាមរយៈការវិភាគ ដំណាំដំឡូងមីត្រូវបានគេរកឃើញថា បានចូលរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហេតុនេះដើម្បីទាញយកសក្តានុពលនេះ កម្ពុជាគួរតែធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់តម្លៃរបស់ខ្លួន ដោយពង្រឹងសមត្ថភាព ដែលមានស្រាប់ និងបង្កើតសមត្ថភាពថ្មី ដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់ កំណើនសេដ្ឋកិច្ចរួម និងពង្រីកសេដ្ឋកិច្ច របស់ខ្លួន ក្នុងការចូលរួម ដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាល កម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេស គឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលក្នុងចំណែក នៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក។
លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា គោលនយោបាយជាតិនេះគឺជាការចាប់ផ្តើមនៃដំណើរថ្មី មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកប ដោយបរិយាបន្នដល់កម្ពុជា ក្នុងបរិបទប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅពេលខាងមុខ ។
សូមជម្រាបជូនថា ដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាជន នៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃ សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋាន សម្រាប់ចិញ្ចឹមជីវិត របស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលី ហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពល ដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស ៕