ព័ត៌មានជាតិ

៤ឆ្នាំ អាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឲ្យសាងសង់ជាង ១ពាន់គម្រោង លើផ្ទៃដីជិត១៥លានម៉ែត្រការ៉េ និងប្រើទុន ជាង៨ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតអនុញ្ញាត សាងសង់ចំនួន ១៥១៤គម្រោង លើផ្ទៃដីចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ ដែលប្រើប្រាស់ទុនវិនិយោគ ប្រមាណជាង ៨ពាន់លានដុល្លារ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោក ឃាង ភារម្យ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗ (គិតចាប់ពី៥ជាន់ ដល់៥៣ជាន់) មានចំនួន ៥៧៣គម្រោង ។

អ្នកនាំពាក្យសាលាខេត្តបញ្ជាក់ថា «បើតាម របាយការណ៍ ការគ្រប់គ្រង និងអភិវឌ្ឍន៍សំណង់ យើងបានចេញលិខិតអនុញ្ញាត់សាងសង់ យើងរាប់គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គឺមានចំនួន ១៥១៤គម្រោង ដែលផ្ទៃក្រឡាសំណង់មានចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ សរុបជាទុនវិនិយោគជាង ៨ពាន់លានដុល្លារ» ។

ពាក់ព័ន្ធនឹងសំណង់ខ្ពស់នេះដែរ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងដែរថា ការគ្រប់គ្រងសំណង់ នៅក្នុងដែនសមត្ថកិច្ចក្រុង គឺអាចចេញលិខិតអនុញ្ញាតសាងសង ត្រឹម៥០០ម៉ែត្រការ៉េចុះក្រោម ហើយកម្ពស់មិនឲ្យលើសពី ៤ជាន់ ។ ដោយឡែកចាប់ពីផ្ទៃដី ៥០០ម៉ែត្រការ៉េឡើង និងកម្ពស់ចាប់ពី ៥ជាន់ឡើងទៅ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ថ្នាក់ខេត្ត ជាអ្នកចេញលិខិតអនុញ្ញាត សាងសង់ ។

ទាក់ទិនទីផ្សារដីនៅក្រុងព្រះសីហនុ លោកអភិបាលក្រុង មានប្រសាសន៍ថា ជាប្រវត្តិសាស្ត្រ ហើយ តម្លៃដីនៅក្រុងព្រះសីហនុ កាលពីឆ្នាំ២០១៨ និង២០១៩ ដែលនៅកន្លែងទីតាំងខ្លះ មានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នយ៉ាងហោចណាស់ក៏តម្លៃ ៦ពាន់ដុល្លារដែរ ក្នុង១ម៉ែត្រការ៉េ ។

លោកថា ដោយឡែកនៅតាមបណ្ដោយឆ្នេរ ដែលជាតំបន់សំខាន់ៗ គឺមានតម្លៃមិនក្រោម ៧ពាន់ដុល្លារនោះទេ ក្នុង១ម៉ែត្រការ៉េ ៕

To Top