ព័ត៌មានជាតិ

ឆ្នាំ២០២០ កម្ពុជានាំចេញផលនេសាទ ធ្លាក់ចុះយ៉ាងគំហុក បានតែជាង ២ពាន់តោនប៉ុណ្ណោះ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ឆ្នាំ នៅឆ្នាំ២០២០ កម្ពុជានាំចេញផលនេសាទស្រស់ និងផលនេសាទកែច្នៃ ជាង២ពាន់តោន បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៩ មានជាង១ម៉ឺនតោន។

យោងតាមរបាយការណ៍ស្ដីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្ត បន្ដ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ឆ្នាំ២០២០ សំណុំរឿងបទល្មើសជលផលមានចំនួន ២,៦៨៧ករណី បើប្រៀបធៀបឆ្នាំ២០១៩ ថយចុះចំនួន ៤១៤ករណី ក្នុងនោះ បទល្មើសទឹកសាបមានចំនួន ២,៤៧៩ករណី និងសមុទ្រមានចំនួន ២០៨ករណី។

ប្រភពដដែល បញ្ជាក់ថា «ផលនេសាទស្រស់នាំចេញ ចំនួន ១,៩៤៥តោន ស្មើនឹង១២,៩៧% នៃផែនការចំនួន១៥ ០០០តោន ប្រៀបធៀបឆ្នាំ២០១៩ ថយចុះចំនួន៧ ២៤៥តោន។ ផលនេសាទកែច្នៃ នាំចេញចំនួន ២៣៤តោន ស្មើនឹង៤,៦៨% នៃផែនការចំនួន៥ ០០០តោន ប្រៀបធៀបឆ្នាំ២០១៩ ថយចុះចំនួន៤ ៦៧៦តោន។

សូមរំលឹកថា កាលពីឆ្នាំ២០២០ តម្លៃសរុបនៃផលិតផលនេសាទមាន ចំនួន ១ ៨៧២ ៦០០ ០០០ ដុល្លារអាមេរិក និងតម្លៃសរុបនៃការនាំចេញ ផលិតផលជលផលមាន ចំនួន ៨ ៣៣៤ ០០០ ដុល្លារអាមេរិក៕

To Top