ព័ត៌មានជាតិ

សភាកម្ពុជា-ចិន នឹងបើកកិច្ចប្រជុំស្តីពី ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៨ មករា

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹរបស់ រដ្ឋសភា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងឱកាសនៃជំនួបទ្វេភាគី ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាប្រជាជនចិនទូទាំងប្រទេស នឹងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងឱកាសបើក នៃកិច្ចប្រជុំ បន្ទាប់មកសមភាគីទាំងពីរ នឹងផ្តល់វេទិកាជូនគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អមដោយគណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភា។ ចំណែក គណៈប្រតិភូជាន់ខ្ពស់សភា ប្រជាជនចិនតំណាងទូទាំងប្រទេស ដឹកនាំដោយ លោក ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញចំនួន៤ ររបស់សភាប្រជាជនចិនទូទាំងប្រទេស។

ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈយោបល់ និងការចែករំលែកបទពិសោធន៍ ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលមានដូចជា៖

ទី១-ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់

ទី២- កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងរោគរាតត្បាត

ទី៣-ការស្តារសេដ្ឋកិច្ច នាដំណាក់កាលក្រោយរោគរាលដាល

និងទី៤-ស្ថានភាពអន្តរជាតិ និងក្នុងតំបន់។

រដ្ឋសភាកម្ពុជា និងសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចសហប្របត្តិការគ្នាយ៉ាងស្អិតរមួតទាំង នៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលកន្លងមក។ សភាប្រទេសទំាងពីរបានផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និង បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាជាប្រចាំផងដែរ ៕

To Top