ព័ត៌មានជាតិ

លោកអេង ហ៊ី៖មេបញ្ជាការកងរាជអាវុធហត្ថ ស្ទឹងត្រែងមិនបានកំណត់ឲ្យមន្រ្តីក្រោមឱវាទរកលុយម្នាក់៨ម៉ឺន ដុល្លារសង់បន្ទាយ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បដិសេធថា លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តស្ទឹងត្រែងមិនបានកំណត់ឲ្យមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក រកលុយម្នាក់ ៨ម៉ឺនដុល្លារ ដើម្បីសង់បន្ទាយរបស់ខ្លួននោះទេ។

លោកថា ជាគោលការណ៍ កងរាជអាវុធហត្ថទាំងមូល មិនមានការកាត់គោលរបប មិនមានការកំណត់ឲ្យបង់ថវិកាផ្សេងៗនោះទេ។

លោកបញ្ជាក់ទៀតថា តែបើបុគ្គលអាវុធហត្ថណា ប្រព្រឹត្តនូវកំហុស ឬល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ការចេញមកបដិសេធរបស់លោកអេង ហ៊ីក្រោយមានការចុះផ្សាយថា ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តស្ទឹងត្រែងបានកំណត់ឲ្យមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក រកលុយម្នាក់ ៨ម៉ឺនដុល្លារ ដើម្បីសង់បន្ទាយស្នាក់នៅខ្លួន៕

To Top