Covid-19

រដ្ឋាភិបាលចិន ប្រកាសផ្ដល់វ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ដល់ប្រទេសកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន ប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ចំនួន១លានដូស មកដល់កម្ពុជាសម្រាប់ចាក់ ជូនប្រជាពលរដ្ឋ៥០ម៉ឺននាក់ ហើយវ៉ាក់សាំងនេះ ត្រូវបានថ្នាក់ដឹក នាំចិន ប្រធានាធិបតីឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់ នៅលើពិភពលោក បានប្រើប្រាស់ផងដែរ។

តាមរយៈសារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ចិន ដែលផ្ដល់មកកម្ពុជាយកប្រើប្រាស់នេះ គឺវ៉ាក់សាំងស៊ីណូហ្វាម។

សម្ដេចតេជោ មានប្រសាសន៍ថា «រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រ សួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំង ចំនួន១ដូស​ សម្រាប់មនុស្ស៥០ម៉ឺននាក់ ដើម្បីចាក់» ។ 

សម្ដេចតេជោ រំលឹកថា ដើមឡើយកម្ពុជាបានប្រកាសទទួលវ៉ាក់សាំង ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភព លោក (WHO) តែប៉ុណ្ណោះ។ ប៉ុន្ដែមកដល់ពេលនេះ អង្គការសុខភាពិភពលោក មិនទាន់ទទួលស្គាល់វ៉ាក់សាំងរបស់ ប្រទេសណា ឬក្រុមហ៊ុនណា មួយនោះទេ។សម្ដេចថា មានប្រទេសជាច្រើនបាន ប្រើប្រាស់រួចទៅហើយនូវវ៉ាក់សាំង ហើយក្នុងនោះ ក៏មានវ៉ាក់សាំងរបស់ចិនផងដែរ។

សម្តេចតេជោ បញ្ជាក់ថា «យើងមិនអាចរង់ចាំបន្តទៅទៀតបាននោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឲ្យឆ្លង នូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់ មេដឹកនាំ ចិន ដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំង ប្រទេសឥណ្ឌូនេ ស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»។

សម្ដេចតេជោ បន្ដថា មកដល់ពេលនេះមិនថា តែវ៉ាក់សាំងចិនទេ វ៉ាក់សាំងប្រទេសដទៃទៀត ក៏មិនទាន់ដឹងពីសុពលភា ព ឬប្រសិទ្ធភាពនៅឡើយទេ។ ប៉ុន្តែសម្រាប់មេដឹកនាំចិន បានប្រើប្រាស់វ៉ាក់សាំងចិននេះ តាំងពីខែតុលា ឆ្នាំ២០២០។ សម្ដេចរៀបរាប់ថា មូលហេតុដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះ តម្រូវឲ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ សម្ដេចថា ការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូន។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះ លោក ស៊ីជិន ភីង ប្រធានាធិបតីចិន ,លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងរដ្ឋមន្ត្រីការពារជាតិចិន ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទ។ សម្តេចថា តាមរយៈការគាំទ្រដល់ កងយោធពលខេមរភូមិន្ទនេះ គឺកម្ពុជានឹងប្រើទៅ អង្គភាពជួរមុខទាំងអស់។

សម្ដេចតេជោ ជឿជាក់ថា វ៉ាក់សាំងនេះ នឹងអាចសម្រួលឲ្យកម្ពុជាដោះស្រាយបានបញ្ហាមួយផ្នែក។ បើទោះបីជាមិនទា ន់ដឹងប្រសិទ្ធភាពពិតប្រាកដ។ មិនមែនគ្រាន់តែវ៉ាក់សាំង របស់ចិននោះទេ ប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាពរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្ដេចបានដឹងថា មេដឹកនាំចិន បានចាក់តាំងពីខែតុលា ឆ្នាំ២០២០។

សម្ដេចតេជោ បន្ថែមថា ក្រៅពីការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូសជាជំនួយរបស់ចិននេះទៅ កម្ពុជានឹង បន្តស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនឲ្យបាន ១០លាននាក់ ឬរហូតដល់ ១៣លាន បើមានតម្រូវការឲ្យចាក់វ៉ាក់ សាំងដល់ ៨០% នៃចំនួនប្រជាពលរដ្ឋ។សម្ដេចថា អ្នកដែលទទួលបានវ៉ាក់សាំងមុនគេ ដូចជា ៖ អ្នកនៅជុំវិញព្រះម ហាក្សត្រ ,សម្តេចតេជោ ,ប្រធានព្រឹទ្ធសភា ,ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ ,គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ ,នគរបាលយុត្តិធម៌គ្រប់ផ្នែក ,បុគ្គលិកអនាម័យ ,អ្នករត់ម៉ូតូឌុប ,ម៉ូតូកង់៣ និងតាក់ស៊ី។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងថា ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងដោយមិនគិតថ្លៃ និងឈរលើគោលការណ៍ ស្ម័គ្រចិត្ត។សម្ដេច អំពាវនាវប្រជាពលរដ្ឋ បន្តអនុវត្តវិធានក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕

To Top