ព័ត៌មានជាតិ

សម្ដេចតេជោ សរសើរចំណាត់ការ អភិបាលខេត្តកែប ដែលបញ្ជាឲ្យរុះរើរបង ថ្ម ទ្វារដែក សាងសង់គ្មានច្បាប់ អនុញ្ញាត បិទផ្លូវពលរដ្ឋធ្វើដំណើរ

ភ្នំពេញ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរ ចំពោះចំណាត់ការ របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបញ្ជាឲ្យរុះរើរបង ថ្ម ទ្វារដែក ដែលបាន សាងសង់ គ្មានច្បាប់អនុញ្ញាត បិទផ្លូវប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ នៅតំបន់ ស្រែអំបិល ។

ការថ្លែងកោតសរសើរ របស់សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពីអភិបាលខេត្តកែប បានបញ្ជាឲ្យគណៈ បញ្ជាការឯកភាព រដ្ឋបាល ក្រុង សហការជាមួយ ស្នងការដ្ឋាននគរបាល និង បញ្ជាការ ដ្ឋាន អាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ចុះរុះរើរបង ថ្ម និង ទ្វារដែក ដែលបាន សាងសង់ គ្មានច្បាប់អនុញ្ញាត បិទផ្លូវប្រជាពលរដ្ឋ ធ្លាប់ធ្វើដំណើរ ឆ្លងកាត់នៅ តំបន់ ស្រែ អំបិល ហើយកំពុង មានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិតនៅក្នុងភូមិ ដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ។

តាមរយៈការខាំមិន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «សូមកោតសសើរ ចំណាត់ការ របស់អភិបាលខេត្ត ដើម្បីផលប្រយោជន៍រួម របស់ប្រជាជន ។ តាមហេតុការ ដែលបានកើតកន្លងមកនេះ អាជ្ញាធរគួរគួរតែរើរបងនេះ ចោលតាំងពីពេលរបងនេះ ចាប់ផ្តើមធ្វើមកម្លេះ ហើយអ្នកធ្វើរបងបិទផ្លូវសាធារណៈ គួរតែត្រូវបានអប់រំ ឬវិធានការរដ្ឋបាល តាំងពីដំបូង ។ យើងមិនត្រូវទុកឱ្យបុគ្គលម្នាក់ ឬ២នាក់បំផ្លាញផលប្រយោជន៍ របស់ប្រជាជនច្រើននាក់នោះឡើយ» ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា ថ្ងៃក្រោយមិនត្រូវឱ្យមានរឿងបែបនេះ កើតឡើងទៀតទេ មិនត្រឹមតែខេត្តកែបប៉ុណ្ណោះទេ គឺត្រូវធ្វើនៅគ្រប់ខេត្តទាំងអស់ ។

ពាក់ព័ន្ធបញ្ហានេះលោក សោម ពិសិដ្ឋ បានបញ្ជាក់តាមហ្វេសប៊ុក កាលពីម្សិលមិញថា ការចុះរុះរើនេះ គឺដើម្បី រក្សាស្ថានភាពដើម និងបើកផ្លូវ សាធារណៈ ជូន ដល់ប្រជាពលរដ្ឋ មហាជន សម្រាប់ប្រើប្រាស់ជា ផល ប្រយោជន៍ សាធារណៈ ។

លោកអភិបាលខេត្ត បាន អំពាវនាវ ដល់ សាធារណជន ទូទៅ កុំ ប្រព្រឹត្ត និងយក គំរូ តាមករណី ការឆ្លៀតឱកាសបែបនេះ ដែលមើល ឃើញ តែ ផល ប្រយោជន៍ ផ្ទាល់ខ្លួន ហើយ ធ្វើ ឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ផល ប្រយោជន៍សាធារណៈ ។

លោកអភិបាលខេត្តបន្ថែមថា ក្នុងករណីនេះមានការអបអរសាទរ ពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលលើផ្លូវនេះ ហើយពួកគាត់គាំទ្រ ចំណាត់ការរបស់អាជ្ញាធរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះអ្វីដែលជាផលប្រយោជន៍ សាធារណៈរបស់រដ្ឋ ៕

To Top