ព័ត៌មានជាតិ

អរគុណសន្តិភាព, នឹករឮក បងប្អូន អ្នកប៉ៃលិន

កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានចុះទៅសម្របសម្រួលដោះស្រាយបញ្ចប់វិវាទ ក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះៗ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឈានដល់ចុះកិច្ចសន្យា បញ្ចប់វិវាទជាស្ថាពរ រវាងប្រជាពលរដ្ឋ១៥គ្រួសារ ជាមួយនឹងតំណាងធនាគារកាណាឌីយ៉ា ប្រចាំខេត្តប៉ៃលិន។ 

បញ្ហាវិវាទដីធ្លីនេះ គឺកើតឡើងដោយសារមានបុគ្គលអាក្រក់ បានលួចធ្វើប្លង់ លើដីប្រជាពលរដ្ឋ ហើយបន្ទាប់មកយកទៅ បញ្ចាំធនាគារ ដែលពលរដ្ឋមានការប្តឹងតវ៉ា អស់រយៈពេល១៥ឆ្នាំមកហើយ រួមទាំង២ឆ្នាំចុងក្រោយដែលមានការប្រឈមដាក់គ្នា ជាមួយធនាគារកាណាឌីយ៉ា។

ដោយគ្មានពន្លឺរកផ្លូវដោះស្រាយចេញបាន ជាចុងក្រោយប្រជាពលរដ្ឋ បានដាក់ពាក្យគោរពសុំសម្តេចតេជោ ជួយពួកគាត់ផង ព្រោះបងប្អូនទាំងអស់គ្នាគឺជាអតីតគ្រួសារសមាហរណកម្ម ពីខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៩៦។ ខ្ញុំបានអញ្ជើញភាគីទាំង២មកសម្របសម្រួលដោះស្រាយនៅវិមានសន្តិភាពនិងចុងក្រោយនៅប៉ៃលិនកាលពីថ្ងៃទី៩ មករា២០២១កន្លងទៅនេះ ហើយក៏បានឈានដល់ការផ្តិតមេដៃព្រមទទួលយកម្នាក់ពាក់កណ្តាល គឺពលរដ្ឋព្រមទទួលយក៥០% ជាដីឬលុយ រីឯធនាគារព្រមទទួល៥០% ជាដីឬលុយទៅតាមជម្រើសរបស់បងប្អូនប្រជាពលរដ្ឋ។ក្នុងករណីដែលពលរដ្ឋសម្រេចយកដី១០០% គឺធនាគារនឹងសម្រួលឲ្យខ្ចីលុយដែលមានការប្រាក់ទាបជាងទីផ្សារ ដែលមានរយៈពេល៥ឆ្នាំ ប្រសិនបើពលរដ្ឋមានលទ្ធភាពបង់បញ្ចប់មុនកិច្ចសន្យាខ្ចីក៏បានដោយគ្មានការពិន័យអ្វីឡើយ។

ខ្ញុំសប្បាយរីករាយដែលភាគីទាំង២បានជ្រើសរើសយកដំណោះស្រាយឈ្នះៗ តាមគោលការណ៍សម្តេចតេជោ។ ខ្ញុំអរគុណដល់ធនាគារកាណាឌីយ៉ា ដែលបានបន្ទន់ឥរិយាបថល្អ ចូលរួមដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដោយមិនយកឥទ្ធិពលធនាគារមកដាក់ពីមុខ ហើយខ្ញុំសង្ឃឹមថាយើងនឹងបន្តរួមគ្នាដោះស្រាយបញ្ហាវិវាទដទៃៗទៀតជួយពលរដ្ឋសម្តេចនៅគ្រប់ទីកន្លែង ដើម្បីយើងរស់នៅសុខសប្បាយជាមួយគ្នា នៅក្រោមដំបូលសន្តិភាពតែមួយ។ ពិតណាស់ មានសម្តេចតេជោ គឺពិតជាមានដំណោះស្រាយ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក​ Duong Dara)

To Top