Covid-19

លោក សុខ ឥសាន៖ អ្នកមិនចង់ចាក់វ៉ាក់សាំងកូវីដ ១៩ពីប្រទេសចិន គឺជាសិទ្ធិពួកគេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា អ្នកណាដែលមិនចង់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ប្រទេសចិន គឺជាសិទ្ធិរបស់ម្នាក់ៗ ។

លោកបន្តថា អ្នកស្រែកមិនឲ្យប្រើវ៉ាក់សាំងចិនប៉ុន្តែ ពួកគេកំពុងប្រើប្រាស់ផលិតផលចិនគ្រប់មុខ​នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

បន្ថែមពីលើនេះលោកថា ជីវិតប្រជាជនចិនដែល បានចាក់វ៉ាក់ចិនរួចហើយ​ មិនមែនថោកជាងជីវិតអ្នកចាំតែរិះគន់។

លោកក៏ថ្លែងសារបញ្ឆិតបញ្ឆៀងថា ចំពោះវ៉ាក់សាំងដែលពួកគេផ្សាយថា ល្អកំពុងមានប្រតិកម្មដល់ អ្នកចាក់នៅប្រទេសមួយចំនួនហើយ មិនក៏មិនលើកមកបរិយាផង។

កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ លើកដំបូងចំនួន ១លានដូស ពីសាធារណរដ្ឋប្រជាមានិតចិន ក្រោយចិនផ្តល់ឲ្យ។

បន្ទាប់ពីទទួលជំនួយជាវ៉ាក់សាំងចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃ១៧ មករា ប្រកាសថា សម្តេចនឹងចាក់វ៉ាក់សាំងកូវីដ១៩លើក ទីមួយនិងមុនគេបង្អស់

សម្តេចបន្តថា សម្តេចត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតារបស់សម្តេច រាប់សិបឆ្នាំមកហើយ។

ខណៈសម្តេចប្រកាសទទួលវ៉ាក់សាំង វិទ្យុអាស៊ីសេរីផ្សាយថា “ពលរដ្ឋ និងសកម្មជនមួយចំនួន រិះគន់សម្តេច ដែលព្រមទទួលយកវ៉ាក់សាំង ពីចិន ទោះជាវ៉ាក់សាំងនោះមិនទាន់ មានការទទួលស្គាល់ ពីខាងអង្គការសុខភាព ពិភពលោក យ៉ាងណាក្តី”។

អាស៊ីសេរីបន្តថា “ពលរដ្ឋ និងសកម្មជន មួយចំនួនលើកឡើងដូចៗគ្នា អំពីក្តីបារម្ភចំពោះប្រសិទ្ធភាព នៃការប្រើប្រាស់វ៉ាក់សាំង ដែលជាជំនួយឥតសំណង របស់ប្រទេសចិន។ ពួកគេបារម្ភថា វ៉ាក់សាំងនេះអាចនឹង មានប្រតិកម្មធ្ងន់ធ្ងរ នៅពេលចាក់ជូនពលរដ្ឋ” ៕

To Top