ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាទាំង២ប្រទេសជាមួយលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិត ចិនតាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២១ បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលចិនរកឃើញ នឹងចូលរួមទប់ស្កាត់ការរាតត្បាតជំងឺនេះនៅកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក។
សម្តេច ហេង សំរិន ថ្លែងបន្តថា រដ្ឋាភិបាលចិន តែងតែបានផ្តល់ការគាំទ្រយ៉ាងច្រើនដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ហើយជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩នេះ ។ លោកថា មិត្តចិនបានផ្តល់ការគាំទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ រួមមានការបញ្ជូនក្រុមគ្រូពេទ្យមកកម្ពុជា ការផ្តល់ម៉ាសនិងបរិក្ខាការពារខ្លួន ក៏ដូចជាការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសជាច្រើនសន្ធឹកសន្ធាប់ដើម្បីជំនះឧបសគ្គ ដែលបង្ករឡើងដោយការរាតត្បាតនៃជំងឺនេះ។
សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា “សូមសម្តែងការអរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់មិត្តចិនដែល បានសម្រេច ផ្តល់វ៉ាក់សាំងងចំនួន ១លានដុស ដល់កម្ពុជា។ វ៉ាក់សាំង ដែលរកឃើញ ដោយមិត្តចិននេះ នឹងចូលរួមទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីត-១៩ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោកយើងទាំងមូល”។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលចិន នឹងវ៉ាក់សាំងកូវីដ១៩លើកដំបូងចំនួន ១លានដូសដល់កម្ពុជា៕