ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ចំពោះមុខ ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ត្រូវដោះស្រាយ ប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាកង្វល់ចំពោះមុខ របស់យើងនៅឡើយ ។ បញ្ហាទាំងអស់នេះ ទាមទារឱ្យយើងទាំងអស់គ្នា ជាអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកប ដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឱ្យប្រជាជនយើង ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួន រហូតដល់៥២ភាគរយ នៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម»។
សម្ដចក្រឡាហោម បន្ដថា ដើម្បីសម្រេចបានគោលបំណងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី១ ទី២ ទី៣ និងទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គោលនយោបាយ និងកម្មវិធីតាមវិស័យ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលលក្ខណៈសម្បតិ្តទី៣ចែងថា «គ្មានអំពើអនាចារ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ » ព្រមទាំង បានបង្កើតយន្តការ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ដើម្បីឆ្លើយតប ចំពោះអំពើហិង្សាគ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់ សេវាជាពហុវិស័យជួយស្រ្តីរងគ្រោះដោយអំពើហិង្សាឱ្យបានទាន់ពេលវេលា ។
សម្ដេចក្រឡាហោម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បាននឹងកំពុងបន្តបោះជំហានទៅមុខ លើទិសដៅ ដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្រ្ត ក្នុងការពង្រឹងស្ថាប័ន និងកិច្ចការពារដល់ប្រជាពលរដ្ឋ ជាពិសេសគឺផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើស្រ្តី និងកុមារនៅកម្រិតសហគមន៍ ដើម្បីធានានូវសិទ្ធិស្មើភាពគ្នា រវាងស្រ្តីនិងបុរស។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា «យើងជឿជាក់ថា ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣នេះ នឹងក្លាយជាផែនទី តម្រង់ទិសដ៏ស័ក្តិសិទ្ធិ មួយ ដែលនឹងជួយជំរុញបន្ថែមទៀត ក្នុងការអនុវត្តការងារទប់ស្កាត់ និងលុបបំបាត់អំពើហិង្សា លើស្រ្តីគ្រប់ទម្រង់ឱ្យកាន់តែសម្រេច បានឆាប់រហ័សតាមការរំពឹងទុក » ៕