ភ្នំពេញ ៖ ជាមួយនឹងគោលបំណង និងឆន្ទៈបន្តនិរន្តរភាព នៃបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងគ្មានការរើសអើង នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ។ វីតាល់ បានពាំនាំនូវវិភាគទាន នៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំឡើង នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ។
វិភាគទានសរុប ជាទឹកប្រាក់ចំនួន 101,173,000៛ ដែលបានមកពីប្រតិបត្តិការ រយៈពេល ពេញមួយ១ឆ្នាំ នៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” និងវិភាគទានសមាជិក ភាពប្រចាំឆ្នាំពីបុគ្គលិក និងថ្នាក់ដឹកនាំវីតាល់ ។
លោកជស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានមានប្រសាសន៍ថា ផ្អែកលើមូលនិធិ២៥៛ វីតាល់បានបង្កើតកម្មវិធីសប្បុរសធម៌ បែបទំនើបជាលើកទី២ ជាមួយគោលបំណង យ៉ាងច្បាស់លាស់ ក្នុងការបង្កលក្ខណៈងាយស្រួល និងអំណោយផល ដល់អតិថិជន ដើម្បីចូលរួមធ្វើអំពើល្អ ដោយគ្រាន់តែជាវវីតាល់ តាមទូលក់ភេសជ្ជៈស្វ័យប្រវត្តិទាំង១៨ នៅក្នុងរាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អគ្គនាយិកា ក៏បានថ្លែងអំណរគុណ ដល់អតិថិជនវីតាល់ ដែលបានចូលរួមគាំទ្រកម្មវិធីនេះ យ៉ាងច្រើនលើសពីការរំពឹងទុក ដើម្បីក្រុមហ៊ុនមានលទ្ធភាព ក្នុងការប្រមូលថវិកាគាំទ្រ ដល់បេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជា នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ។ បន្ថែមពីនេះ លោកស្រីក៏បានថ្លែង អំណរអរគុណ ដល់បុគ្គលិកវីតាល់ និងថា្នក់ដឹកនាំក្រុមហ៊ុន ដែលបានបន្តចូលរួមវិភាគទាន ជាសមាជិកគាំទ្រ តាមការស្ម័គ្រចិត្ត និងលទ្ធភាពនៅក្នុងឆ្នាំថ្មីនេះ ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិ មូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយ ប្រកបដោយមោទនភាព ចំពោះការសហការជាមួយក្រុមហ៊ុនសម្រាប់ កម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” ។ លោកមានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែចូលរួមផ្សព្វផ្សាយ ពីមូលនិធិគន្ធបុប្ផាកម្ពុជា ដល់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាស និងលក្ខណៈងាយស្រួល ដល់សាធារណជនក្នុងការចូលរូមបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង ។ ជាងនេះទៅទៀត
លោកក៏បានកោតសរសើរដល់វីតាល់ ដែលតែងតែយកចិត្តទុកដាក់ ចំពោះសកម្មភាពមនុស្សធម៌ និងការងារសង្គមនានា ជាពិសេសជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា។
គួររំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០១៩ វីតាល់ បានបង្កើតមោទនភាពថ្មី មួយរបស់ក្រុមហ៊ុន ក្នុងការក្លាយខ្លួន ជាក្រុមហ៊ុនផលិតទឹកពិសាក្នុងស្រុកដំបូងគេ ដែលមានបុគ្គលិកទាំងអស់ ចំនួន៨០៨នាក់ ចុះឈ្មោះ ជាសមាជិកគាំទ្រ នៃមូលនិធិគន្ធបុប្ផាកម្ពុជា យ៉ាងតិចរយៈពេលមួយឆ្នាំ ។ តាមរយៈចលនា និងការលើកទឹកចិត្ត ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមបរិច្ចាគវិភាគទាន ដោយស្ម័គ្រចិត្ត វីតាល់ប្រមូលបានវិភាគទានសរុប ៨៦,១៨០,០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឆ្នាំ២០១៩។ ក្រោយ៣ខែ នៃព្រឹត្តិការណ៍ដ៏មានអត្ថន័យនោះ វីតាល់បាន បន្តបេសកម្ម មនុស្សធម៍របស់ខ្លួនថ្មី១ទៀត ជាមួយគម្រោង “វីតាល់ អ្នកជាវីរបុរស វគ្គ២” ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីដេនហ្គាដិន ។
ដោយឈរលើស្មារតី “ខ្មែរជួយខ្មែរ” វីតាល់សូមអំពាវនាវ ដល់សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគ ដោយទឹកចិត្តសប្បុរស តាមរយៈមធ្យោបាយវេរប្រាក់នានា របស់មូលនិធិគន្ធបុប្ផា។ ការចូលរួមរបស់លោកអ្នក គឺជាកាយវិការសប្បុរស ដើម្បីស្នាមញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕