ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា ចំនួន១៨៧,៦៨២ដុល្លារ ដល់អង្គភាព ទទួលជំនួយចំនួន២ ក្រោម គ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយតូសាណូណ៌) ។
សូមជម្រាបថា គម្រោង ,ទី១-សម្រាប់កសាងប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតបំពង់ខ្នាតតូច នៅកោះពាមរាំង ក្នុងខេត្តព្រៃវែង ថវិកាចំនួន៩៦.៧៧៥ដុល្លារ អង្គភាពទទួលជំនួយ សមាគមទឹកកម្ពុជា (CAWA) និង ទី២-គម្រោងសាងសង់អគារសិ ក្សា នៅអនុវិទ្យាល័យខ្យង ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ថវិកាចំនួន ៥០,៩០៧ដុល្លារ អង្គភាពទទួលជំនួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ។
ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ នាពេលថ្មីៗនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងមានការ អភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ទទួលស្គាល់ថានៅ តែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់ នៅរបស់ប្រជាជន» ។
លោកបន្ដថា បញ្ហាសុខភាព និងអនាម័យ ក៏កាន់តែមានសារៈសំខាន់ផងដែរ ជាពិសេស នៅពេលដែលជំងឺកូវីដ-១៩ មានការគំរាមកំហែង នៅលើទូទាំងពិភពលោក។ ប្រទេសជប៉ុន នឹងបន្តចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហា ប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង «គូសាណូណិ» ផងដែរ ៕