ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេល១០កន្លងមក ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២០ ការងារគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងធំធេង ហើយក៏មានបញ្ហាខ្លះ ដែលភាគីពាក់ព័ន្ធ ត្រូវរួបរួមគ្នាដោះស្រាយបន្ដទៀត ដើម្បីឲ្យកាន់តែទទួលជោគជ័យបន្ថែមទៀត។
ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលកន្លងមក គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ភាគីពាក់ព័ន្ធបានរួមគ្នាដោះស្រាយ ទទួលបានជោគជ័យគួរឲ្យកត់សំគាល់ តាមរយៈការបូកសរុបលទ្ធការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «យើងឃើញថា ក្នុងរយៈពេល១០ឆ្នាំ ឆ្នាំ២០១០-២០២០ គឺលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនេះ គឺទទួលបានជោគជ័យធំណាស់។ប៉ុន្ដែទោះបីយ៉ាងណាយើង ឃើញថា នៅមានបញ្ហាខ្លះដែលនៅតែជាបញ្ហា ហើយអាចធំជាងពីមុនថែមទៀត»។
សម្ដេចក្រឡាហោម ក៏បានលើកឧទាហរណ៍ថា បញ្ហាគ្រឿងញៀន ក៏ស្ថិតនៅក្នុងកម្មវិធីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងការអនុវត្តនាពេលកន្លងទៅ ទទួលបានលទ្ធផលច្រើន ហើយចំនួនចាប់ជនល្មើសជួញដូរគ្រឿងញៀន និងវត្ថុតាងគ្រឿងញៀន មកដាក់ទោសក៏បានកាន់តែច្រើនដែរ ប៉ុន្ដែមិនទាន់ធូរស្រាល។
សម្ដេចក្រឡាហោម បន្ដថា បញ្ហាខ្លះត្រូវដកចេញ ពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីដាក់បញ្ចូលបញ្ហាបច្ចុប្បន្នភាពវិញ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការកោតសរសើរ ចំពោះក្រុមការងារ អន្តរក្រសួងឆ្លើយតបទៅ នឹង អំពើហិង្សា ទាក់ទងនឹងយេនឌ័រ ដែលមានក្រសួងកិច្ចការនារីជាអ្នកសម្របសម្រួល ក្នុងការរៀបចំឡើងវិញនូវផែនការ សកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សា លើស្ត្រីដ៏មានសារៈប្រយោជន៍នេះ ដើម្បីជំរុញការអនុវត្ត ឱ្យសម្រេចបាននូវគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកការលុបបំបាត់ អំពើហិង្សាលើស្ត្រីជាការងារអទិភាព ៕