ព័ត៌មានជាតិ

លោកទូតជប៉ុន សង្ឃឹមថា អ្នកស្ម័គ្រចិត្ត JICA នឹងបន្តធ្វើជាស្ពានមិត្តភាពរវាង កម្ពុជា-ជប៉ុន

ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា អ្នកស្ម័គ្រចិត្តរបស់ទីភា្នក់ងារស ហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) នឹងបន្តធ្វើជាស្ពានមិត្តភាពរវាង កម្ពុជា-ជប៉ុន។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកស្ម័គ្រចិត្ត JICA ចំនួន៣រូប ដែលបានបញ្ចប់បេសកកម្មនៅកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ។

អ្នកស្ម័គ្រចិត្ត JICA បានបំពេញការងារផ្នែកកែលម្អប្រព័ន្ធលូបង្ហូរទឹក បណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់យុវជន និងអប់រំកាយនៅកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០១៩។ ទោះបីជាមានការរំខានដោយសារជំងឺCOVID-19 ពួកគាត់នៅតែបានប្រើប្រាស់បទពិសោធន៍ និងសមត្ថភាពក្នុងការបំពេញការងារបានយ៉ាងល្អបំផុត។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា «មានការសោកស្តាយដែលពួកគាត់ មានបេសកកម្មកំឡុងពេល COVID-19 ហើយថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងទៅលើការងារដែលពួកគាត់សម្រេចបាន។ យើងសង្ឃឹមថា ពួកគាត់នឹងបន្តធ្វើជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន»៕

To Top