ព័ត៌មានជាតិ

លោក ជា ចាន់តូ ប្រាប់ទូតឥណ្ឌាថា រាជរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ-១៩ យ៉ាងល្អ និងដាក់ចេញវិធានការ កាត់បន្ថយផលប៉ះពាល់ លើសេដ្ឋកិច្ច

ភ្នំពេញ ៖ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោក ជា ចាន់តូ បានប្រាប់ទូតឥណ្ឌាថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការ កាត់បន្ថយផល ប៉ះពាល់មកលើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ជា ចាន់តូ បានថ្លែងថា «រដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការ កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព» ។

លោកបន្ដថា អតិផរណាត្រូវបានរក្សា ឱ្យស្ថិតក្នុងកម្រិតទាប ជាមួយនឹងស្ថិរភាពអត្រាប្តូរបា្រក់ និងកម្រិតគ្រប់គ្រាន់ នៃទុនបម្រុងអន្តរជាតិ ដែលរួមចំណែករក្សាជំនឿ ទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា។

ជាងនេះទៅទៀត លោក ជា ចាន់តូ ក៏បានលើកឡើងថា ចំពោះវិស័យធនាគារ ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវវិធានការ ពង្រឹងសុខមាលភាពគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ផ្តល់សន្ទនីយភាព និងការធ្វើឥណទានឡើងវិញ ដែលបានជួយដល់អាជីវកម្ម និងប្រជាជនក្រីក្រ ដែលទទួលរងផលប៉ះពាល់។ ទន្ទឹមនេះ វិស័យធនាគារ ធានាបានគុណភាព ឥណទានល្អប្រសើរ ។

ឆ្លៀតឱកាសនោះ លោក ស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំកម្ពុជា ក៏បានថ្លែងការកោតសរសើរពីការអភិវឌ្ឍថ្មីៗ នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេស តួនាទីដ៏សំខាន់របស់ធនាគារជាតិ នៃកម្ពុជា ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោក កំពុងរងនូវបត្តិសុខាភិបាលនិងសេដ្ឋកិច្ច ។

បន្ថែមពីនេះទៀត លោកស្រីទូត ក៏បានអបអរសាទរនូវការ ធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដូចជា ការដាក់ឱ្យប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ដែលជួយសម្រួលការទូទាត់ទូទៅ និងឆ្លងគ្រឹះស្ថាន ដោយបានបន្ថយកម្រៃប្រតិបត្តិការ និងធ្វើឱ្យទឹកប្រាក់ទូទាត់ទទួលបានភ្លាមៗ​ ៕

To Top