ភ្នំពេញ៖ កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍ ផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរក បដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ នេះបើតាមការសិក្សាថ្មីមួយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ការរកឃើញខាងលើជាអនុសាសន៍មួយ ក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សា របស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញ នៅកម្ពុជា។ វាជាផ្នែកមួយនៃការសិក្សា ដែលផ្តោតលើប្រទេសចំនួនបួន នៃប្រជាជាតិអាស៊ានដែលរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។
ការសិក្សានេះពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជា ព្រោះ វិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើន ការងារ ភាពប្រកួតប្រជែងអន្តរជាតិ និង 4IR ។ វារកឃើញ ថា បច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុង ឧស្សាហកម្មកាត់ដេរនិងទេសចរណ៍ ប៉ុន្តែការបាត់បង់ នេះ នឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការ ដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាច បង្កើតកំណើនការងារ ៣៩% សម្រាប់ឧស្សាហកម្មកាត់ដេរ និង ២% សម្រាប់វិស័យទេសចរណ៍ ។
ខណៈដែលរដ្ឋាភិបាល និងឧស្សាហកម្មចង់លើកកម្ពស់ជំនាញ 4IR ការស្ទង់មតិលើនិយោជក នៅក្នុងឧស្សាហកម្មទាំងពីរបង្ហាញពី ការយល់ដឹងមានកម្រិតលើបច្ចេកវិទ្យា 4IR ។ ឧទាហរណ៍មានតែ ២៨% នៃនិយោជករោងចក្រកាត់ដេរនិង ៣៥% នៃនិយោជកក្នុងទេសចរណ៍ ដែលត្រូវបានស្ទង់មតិ បាន ឯកភាពឬឯកភាពទាំងស្រុង នៅពេលសួរថាតើ ពួកគេមានការយល់ដឹងល្អអំពីបច្ចេកវិទ្យា 4IR និងអំពីការ ពាក់ព័ន្ធ នៃបច្ចេកវិទ្យានេះដល់ក្រុមហ៊ុនរបស់ពួកគេដែរឬទេ។ និយោជកនៅក្នុងប្រទេសកម្ពុជាបង្ហាញ ការយល់ដឹងទាបជាងអំពី 4IR បើប្រៀបធៀបនឹងនយោជក ដែលបានធ្វើការស្ទង់មតិ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។
ទោះបីជាលទ្ធផលនៃ ការបង្កើតការងារជាទូទៅវិជ្ជមាន ក្នុងវិស័យទាំងពីរក៏ដោយ ការសិក្សានេះ ព្រមានថាមិនមានការធានាថា កម្មករដែលការងារខ្លួនត្រូវបានផ្លាស់ប្តូរ អាចទៅរកការងារដែលបានបង្កើតថ្មី ដោយងាយនោះទេ បើគ្មានការវិនិយោគគ្រប់គ្រាន់ និងទាន់ពេលវេលាក្នុងការអភិវឌ្ឍជំនាញ។ ការផ្លាស់ប្តូរ ការងារក៏ទំនងជាជះឥទ្ធិពលដល់ស្ត្រី ដែលមានប្រហែល ៨១% ក្នុងឧស្សាហកម្មផលិតសម្លៀកបំពាក់នៅ កម្ពុជា។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស ធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា បានមានប្រសាសន៍ថា “ខណៈដែល 4IR អាចនាំដល់បំរែបំរួលការងារ និងជំនាញ នៅប្រទេសកម្ពុជា យើង ត្រូវតែដោះស្រាយផលប៉ះពាល់ដែលនឹងមានលើស្ត្រី។ យើងត្រូវតែបង្កើនចំណេះដឹងអំពីបច្ចេកវិទ្យា 4IR និងអត្ថប្រយោជន៍របស់វា ជួយសហគ្រាស រួមទាំងសហគ្រាសធុនតូចនិងមធ្យម ដើម្បីអាចទទួលយក បច្ចេកវិជ្ជាជឿនលឿននេះ និងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងជំនាញ និងបង្កើតជំនាញ រួមទាំងតាមរយៈការលើកទឹកចិត្ត ដោយការអនុគ្រោះពន្ធ ដើម្បីធានាថាគ្មាននរណាម្នាក់ មិនត្រូវបាន គិតគូរដល់។”
ការសិក្សាអំពាវនាវឱ្យមានវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងបរិយាប័ន្ន និងកិច្ចគាំពារសង្គមសម្រាប់ កម្មករទើបចូលបម្រើការងារ កម្មករដែលប្រឈមនឹងហានិភ័យ ដោយមានការផ្លាស់ប្តូរក្នុងការងារ និងកម្មករដែលត្រូវការជំនាញបន្ថែម។
ការសិក្សានេះលើកទឹកចិត្តឱ្យប្រទេសកម្ពុជា អភិវឌ្ឍកម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការទទួលស្គាល់ 4IR ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និង ទេសចរណ៍ និងផ្តោតលើកម្មវិធីវិញ្ញាបនប័ត្រជំនាញ ប្រកបដោយភាពបត់បែន ដែលអាចទទួលស្គាល់ ការបំពេញជំនាញ ក្រៅប្រពន្ធ័អប់រំប្រពៃណី។
ការសិក្សាក៏អំពាវនាវផងដែរ ឱ្យអនុវត្តគម្រោងលើកទឹកចិត្តសម្រាប់ ក្រុមហ៊ុនដើម្បីបណ្តុះបណ្តាល និយោជិករបស់ពួកគេអំពី 4IR ដែលអាចត្រូវបានជួយដោយ មូលនិធិអភិវឌ្ឍន៍ជំនាញកម្ពុជា។ នៅក្នុង វិស័យទេសចរណ៍ អ្នកបង្កើតគោលនយោបាយ ត្រូវបានជំរុញឱ្យលើកទឹកចិត្តការរីកចម្រើន នៃការអភិវឌ្ឍ កម្មវិធីស្មាតហ្វូនដើម្បីកសាងការត្រៀមខ្លួនសម្រាប់ 4IR ធានាការបណ្តុះបណ្តាលជំនាញទំនាក់ទំនង និងសង្គម ព្រមទាំងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំង រវាងស្ថាប័នបណ្តុះបណ្តាលនិងនិយោជក។
និយោជកដែលបានស្ទង់មតិ នៅក្នុងផលិតកម្មសម្លៀកបំពាក់ (៩០%) និងទេសចរណ៍ (៧៩%) បានរាយការណ៍ថានិស្សិតបញ្ចប់ការសិក្សា ដែលបានជួលមកធ្វើការក្នុងឆ្នាំកន្លងមក មិនបានត្រៀម លក្ខណៈ គ្រប់គ្រាន់សម្រាប់មុខតំណែង ការងារដំបូងរបស់ពួកគេទេ។ នេះផ្ទុយពីការយល់ឃើញរបស់ ស្ថាប័នបណ្តុះបណ្តាល ដែលបានបង្ហាញថាស្ទើរតែ ៦០% នៃនិស្សិតបញ្ចប់ការសិក្សាត្រូវបានត្រៀម លក្ខណៈគ្រប់គ្រាន់សម្រាប់ការងារ។
អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB លោកស្រី Shanti Jagannathan មានប្រសាសន៍ ថា “នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថល នឹងជួយបង្កើនឱកាសរបស់យុវជន និងមនុស្សចំណាស់ក្នុងការទទួលបាន ការងារដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ ។ ឥឡូវនេះ គឺជាពេលវេលា ដើម្បីគិតឡើងវិញ នូវការផ្តល់ជំនាញដោយប្រើ វេទិកានិម្មិតនិងបច្ចេកវិទ្យាទូរស័ព្ទចល័ត ព្រមទាំងអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាល ឱ្យភាពរហ័សរហួនក្នុងការផ្តល់នូវ វគ្គសិក្សានិងសញ្ញាបត្រ ដែលត្រូវនឹងតម្រូវការទីផ្សារ។
ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងពន្លឿនការផ្លាស់ប្តូរឌីជីថល ការសិក្សាបានរកឃើញ ថាក្រុមហ៊ុនដែលចាប់ផ្តើមអនុវត្តបច្ចេកវិទ្យា 4IR ទំនងជានឹងងើបឡើងវិញលឿនជាងមុនពីការវិបត្តិ ដែល បណ្តាលមកពីជំងឺរាតត្បាតនេះ និងមានភាពធន់ទៅថ្ងៃអនាគត។
ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញានាំមកនូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព សម្រាប់តំបន់ អាស៊ី និងប៉ាស៊ីហ្វិក ហើយស្របពេលជាមួយគ្នានេះ ក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការ លុបបំបាត់ភាព ទីទ័លក្រផងដែរ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍ អាស៊ី គឺជាកម្មសិទ្ធិរបស់ ប្រទេសជាសមាជិកចំនួន ៦៨ ក្នុងនោះ មាន៤៩ប្រទេសនៅក្នុងតំបន់នេះ ៕