ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលិសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលិស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រ ង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងត្រឹមត្រូវ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យជាតិ បាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលិស ត្រូវមានការប្រឡងបានត្រឹមត្រូវ។
សម្ដេច បន្ដថា នាពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលិស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលិស មកដល់សុំធ្វើប៉ូលិសធំទៀត ហើយធ្វើចឹងខុសពី នយោបាយកំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលិសត្រូវចូលរួមប្រឡង»។
សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យ ប្រវត្តិឡើយ។ សម្ដេចបន្ដថា កាលណាចង់ធ្វើប៉ូលិសត្រូវចូលរួមប្រឡងប៉ូលិស ហើយប្រឡងធ្លាក់ជាសិទ្ធិរបស់ខ្លួនឯង ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានឧទាហរណ៍ថា បើឲ្យធ្វើប៉ូលិសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោស មករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕