ព័ត៌មានជាតិ

វិភាគ ៖ ថ្ងៃស្បថចូលកាន់តំណែង របស់លោក ចូ បៃដិន គួរតែជាទិវារីករាយ មិនគួរក្លាយជាទិវា ភ័យខ្លាចបែបនេះទេ

បច្ចុប្បន្នភាព

CNNបានផ្សព្វផ្សាយនៅថ្ងៃពុធ ទី២០ ខែមករានេះថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សប្រជាធិបតេយ្យ នឹងស្បថចូលកាន់តំណែងជាប្រធានា ធិបតីទី៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ ទៅតាមកាលកំណត់ ។

ពិធីស្បថចូលកាន់តំណែង របស់លោក ចូ បៃដិន អាចនឹងប្រព្រឹត្តទៅនៅម៉ោងប្រហែល១១ថ្ងៃត្រង់ ម៉ោងនៅសហរដ្ឋអាមេរិក ប្រហែលជាម៉ោង១១យប់ថ្ងៃពុធនេះ ម៉ោងនៅកម្ពុជា ដោយមានការរឹត បន្តឹងសន្តិសុខយ៉ាងតឹងតែង ។

ចំណែកលោក ដូណាល់ ត្រាំ ប្រធានាធិបតីផុតអាណត្តិ របស់សហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថា ចុងក្រោយជិត២០នាទី និងត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធ Twitter របស់សេតវិមាន កាលពីថ្ងៃអង្គារ ទី១៩ ខែមករាដដែលនេះ ។

គេកត់សម្គាល់ថា នៅក្នុងការថ្លែងសុន្ទរកថា ជិត២០នាទីរបស់លោក ត្រាំ ប្រធានាធិបតីផុតអាណត្តិរូបនេះ មិនបាននិយាយមួយម៉ាត់សោះ ពីឈ្មោះលោក ចូ បៃដិន ដែលជាប្រធានាធិបតីថ្មីទី៤៦ និងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃនេះ ។

ទោះបីជាលោក ត្រាំ បានជូនពរអោយរដ្ឋាភិបាលថ្មី ទទួលបានជោគជ័យ អោយប្រជាពលរដ្ឋមានសុវត្ថិភាព និងវិបុរភាព ប៉ុន្តែលោកមិន បាននិយាយឈ្មោះលោក ចូ បៃដិន មួយម៉ាត់សោះ និងមិនបានទទួលស្គាល់ ពីបរាជ័យរបស់ខ្លួននោះទេ ។

CNN បានផ្សព្វផ្សាយថា ជាទម្លាប់ គ្រប់ប្រធានាធិបតីផុតអាណត្តិ របស់សហរដ្ឋអាមេរិក តែងតែថ្លែងសុន្ទរកថា ចុងក្រោយរបស់ខ្លួន ដោយជូនពរ ស្ងើចសរសើរ និងលើកទឹកចិត្តដល់ប្រធានាធិបតីថ្មី ដែលនឹងឡើងកាន់តំណែងបន្ទាប់ រួមទាំងភ្ជាប់ទំនាក់ទំនង យ៉ាងល្អូកល្អឺន ជាមួយប្រធានាធិបតីថ្មី ប៉ុន្តែសម្រាប់លោក ត្រាំ មិនហៅឈ្មោះលោក ចូ បៃដិន មិនមានទំនាក់ទំនង និងមិនអើពើចំពោះលោក ចូ បៃដិន នោះទេ ដែលខុសពីអតីតប្រធានាធិបតីមុនៗ ។

ជាទម្លាប់ ថ្ងៃស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី របស់ប្រទេសមហាអំណាចមួយនេះ គឺជាទិវាដ៏សប្បាយរីករាយ សម្រាប់ជនជាតិអាមេរិកគ្រប់រូប ជាពិសេសអ្នកនយោបាយ និងប្រជាពលរដ្ឋ នឹងបានស្តាប់សុន្ទរកថា របស់ប្រធានាធិបតីថ្មី ស្តីពីគោលនយោបាយរបស់ខ្លួន ។

សុន្ទរកថារបស់ប្រធានាធិបតីថ្មីអាមេរិក នឹងបង្ហាញប្រជាពលរដ្ឋទូទៅ អំពីគោលដៅក្នុងនយោបាយសំខាន់ៗ សម្រាប់អាណត្តិរយៈពេល៤ឆ្នាំ រួមផ្សំនឹងចំណាត់ការបន្ទាន់ និងចាំបាច់មួយចំនួន ដែលប្រធានាធិបតីថ្មីត្រូវធ្វើ និងដោះស្រាយជំហានដំបូង ។

CNN បានគូសបញ្ជាក់ថា ថ្ងៃស្បថចូលកាន់តំណែង របស់លោក ចូ បៃដិន មិនមែនជាទិវា សប្បាយរីករាយដូចទម្លាប់នោះទេ តែផ្ទុយទៅវិញ គឺជាទិវាភ័យខ្លាច និងព្រួយបារម្ភពីអំពើហិង្សានានា ដែលអាចនឹងកើតមានឡើងនៅក្នុងថ្ងៃនោះ ។

ថ្ងៃស្បថចូលកាន់តំណែងប្រធានាធិបតី ក្លាយជាទិវាភ័យខ្លាច គឺដោយសារការិយាល័យ ស៊ើបការណ៍សហព័ន្ធ (FBI) បានព្រមានថា ក្រុមបាតុករប្រដាប់អាវុធ អាចនឹងចេញធ្វើបាតុកម្ម ក្នុងរដ្ឋទាំង៥០រដ្ឋ នៅទូទាំងប្រទេសនៅក្នុងអំឡុងពេល នៃពិធីស្បថចូលកាន់តំណែង ។

FBI បានព្រមានបន្ថែមទៀតថា ក្រុមអ្នកគាំទ្រ លោក ដូណាល់ ត្រាំ បានរៀបចំគម្រោងរួចរាល់ហើយ ក្នុងការធ្វើបាតុកម្មប្រឆាំង នឹងការឡើងកាន់តំណែង ប្រធានាធិបតីថ្មីរបស់ លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករានេះ ហើយក្បួនបាតុកម្ម ដែលអាចនឹងផ្ទុះឡើង គឺក្រុមបាតុករត្រូវបានបំពាក់ដោយអាវុធ ដែលអាចមានការបង្ហូរឈាម នៅតាមដងផ្លូវ ។
ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបិទទាំងស្រុង ចាប់តាំងពីថ្ងៃចន្ទ ទី១៨ ខែមករានេះ និងកងកម្លាំងឆ្មាំជាតិ ប្រមាណជាង២៥០០០នាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុងនេះ ដើម្បីទប់ស្កាត់ក្បួនបាតុកម្ម របស់ក្រុមប្រជាបាតុករប្រដាប់អាវុធ ដែលអាចនឹងកើតមានឡើង ។

ចំពោះអ្នកចូលរួម ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នឹងត្រូវបានអនុញ្ញាតអោយ តែសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងភ្ញៀវដែលមានលិខិតអញ្ញើញប៉ុណ្ណោះ ដែលអាចចូលរួមបាន ហើយក្រៅពីនោះមិនអាចចូលរួមបានទេ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយមាន ការរឹតបន្តឹងសន្តិសុខយ៉ាងតឹងតែង ក្នុងថ្ងៃស្បថ ចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ របស់លោក ចូ បៃដិន គឺត្រូវបានធ្វើឡើង ក្រោយពីអំពើហិង្សា ដែលបានផ្ទុះឡើង នៅវិមានកាប់ពីតូល កាលពីថ្ងៃពុធ ទី៦ ខែមករានេះ ដែលបានបណ្តាលអោយមនុស្ស ចំនួន៥នាក់ បានបាត់បង់ជីវិត ។

លោក មីត ម៉ាកខូនែល (Mitch McConnell) មេដឹកនាំមតិភាគច្រើន នៅព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក បាននិយាយថា ក្នុងរយៈពេល៤ឆ្នាំ នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក ត្រាំ ប្រធានាធិបតីរូបនេះបានលើកទឹកចិត្តយ៉ាងខ្លាំង ដល់ក្រុមអ្នកស្តាំនិយមជ្រុល ទាំងអ្នកនយោបាយ និងទាំងប្រជាពលរដ្ឋ នៅគណបក្សសាធារណរដ្ឋ ។

លោក ត្រាំ ដែលបានគាំទ្រជ្រុលហួសហេតុ ដល់ក្រុមស្តាំនិយមជ្រុលនេះហើយ ដែលនាំអោយមាន អំពើហិង្សា នៅវិមានកាប់ពីតូល ដែលអំពើហិង្សានេះ មិនធ្លាប់កើតមានសោះ នៅលើទឹកដីអាមេរិក ទោះបីជាអតីតបេក្ខជន ប្រធានាធិបតីអាមេរិក ធ្លាប់មានការតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោត យ៉ាងណាក៏ដោយ ។

ការិយាល័យស៊ើបការណ៍សហព័ន្ធ (FBI) បានព្រមានថា ក្រុមស្តាំជ្រុលនិយម ដែលត្រូវបានគាំទ្រដោយលោក ត្រាំ នឹងមិនអាចនៅស្ងៀមបានទេ នៅថ្ងៃស្បថចូលកាន់តំណែង របស់លោក ចូ បៃដិន ដោយក្រុមជ្រុលនិយមនេះ បានរៀបចំខ្លួនរួចរាល់ហើយ ក្នុងការចេញទៅធ្វើបាតុកម្មតាមដងផ្លូវប្រឆាំង នឹងការឡើងកាន់តំណែងរបស់លោក ចូ បៃដិន ៕

ដោយ ៖ អ៊ី ជិន

To Top