ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ថវិកា ជាង២២ម៉ឺនដុល្លារ សម្រាប់ធ្វើឲ្យប្រសើរឡើង នូវសមត្ថភាព ពន្លត់អគ្គីភ័យ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ ឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាចំនួន ២២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការធ្វើឲ្យប្រសើរទ្បើង សមត្ថភាពពន្លត់អគ្គីភ័យ ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយនេះ។ ស្របពេលជាមួយគ្នានេះ អនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ របស់កងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

នាឱកាសនោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិត សម្រាប់ប្រជាជននៅរាជធានីភ្នំពេញ»៕

To Top