ភ្នំពេញ ៖ នាពេលថ្មីៗនេះ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានរៀបចំពីធីប្រគល់ពាន រង្វាន់សម្រាប់ការប្រកួត «ពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស» ដែលប្រទេសជប៉ុន បានចូលរួមផ្តល់ប្រាក់ឧបត្ថម្ភគាំទ្រ ចំនួន ៤៥.០០០ ដុល្លាអាមេរិក។
តាមរយៈ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា បុគ្គលិកជប៉ុនពីររូបមកពីស្ថានទូតជប៉ុន បានចូលរួមក្នុងពិធី ពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស បានទស្សនាវីដេអូ ចំនួន៦ ដែលបញ្ចាំងជូនដោយផលិតករ។
ប្រភពដដែល បញ្ជាក់ថា នៅក្នុងការប្រកួតនេះយុវជនវ័យក្មេង ចំនួន៦ក្រុម បានបង្កើតវីដេអូពាក់ព័ន្ធនឹង ទី១-សិទ្ធិបោះឆ្នោត ,ទី២-សិទ្ធិស្មើគ្នាក្នុងការប្រកបការងាររបស់បុរស និងស្ត្រី ,ទី៣-សិទ្ធិពលករចំណាកស្រុក ,ទី៤- ការចូលរួមរបស់ជនមានពិការភាព ក្នុងកិច្ចការសាធារណៈ ,ទី៥-ការរើសអើង ទៅលើកូនរបស់អ្នកប្រកបរបរផ្លូវភេទ និងទី៦-ការរើសអើងទៅលើអតីតទណ្ឌិត។
ជាងនេះទៅទៀត ខ្សែវីដេអូទាំង៦នេះ ត្រូវបានផ្សព្វផ្សាយ នៅលើទំព័រហ្វេសបុករបស់ OHCHR និងមានអ្នកចូលទស្សនា ជាង២០០.០០០នាក់។
ស្ថានទូតជប៉ុន រៀបរាប់ថា «វាពិតជាមានការចាប់អាម្មណ៍ខ្លាំងណាស់ ដែលបានឃើញយុវវ័យខិតខំប្រឹងប្រែង បង្កើតវីដេអូ និងស្វែងយល់អំពីសិទ្ធិមនុស្ស និងបញ្ហាសង្គមតាមរយៈគម្រោងនេះ។ យើងមានជំនឿជឿជាក់ថា យុវជន រួមទាំងអ្នក ដែលបានចូលរួមទស្សនាការប្រកួតនេះ គឺជាក្តីសង្ឃឹមសំរាប់ការអភិវឌ្ឍ នាពេលអនាគតនៅកម្ពុជា»៕