ព័ត៌មានជាតិ

ប្រមុខការពារជាតិ បន្តអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នជាមួយកូវីដ១៩ ខណៈកម្ពុជារកអ្នកឆ្លងថ្មីជាបន្តបន្ទាប់

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈកម្ពុជារកឃើញអ្នកឆ្លងថ្មីជាបន្តបន្ទាប់ ។

សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ មករានេះថា «ថ្មីៗនេះ យើងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់ ក្នុងចំណោមអ្នកដំណើរ ចូលមកពីក្រៅប្រទេស ជាពិសេស បងប្អូនពលករខ្មែរយើង ដែលទើបត្រឡប់ពីប្រទេសជិតខាង មកកាន់កម្ពុជាវិញ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាការពារការចម្លង មេរោគដ៏កាចសាហាវនេះ» ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៩៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧នាក់ ៕

To Top