ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី ការកំណត់ផ្ទៃ អាងស្ដុកទឹកបឹងត្របែក មានទំហំ១៤៥.៦២៧ ម៉ែត្រការ៉េ ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ដោយឡែក ក្នុងសេចក្ដីជម្រាបជូនអភិបាលរាជធានីភ្នំពេញ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី បានឲ្យដឹងថា រាជរដ្ឋាភិបាល យល់ព្រមអនុញ្ញាតជាគោលការណ៍ ដូចខាងក្រោម ៖
ទី១- ធ្វើការស្ថាបនាជញ្ជាំងទប់ដីអំពីបេតុងអារម៉េ(Concrete Sheet-Pile) ព័ទ្ធជុំវិញអាងស្តុកទឹកបឹង ត្របែកទំហំ១៣,៣ហិកតា ដើម្បីកុំឱ្យមានការរំលោភបន្តទៀត។
ទី២-ជីកស្តារអាងស្តុកទឹកបឹងត្របែកខាងលើ ឱ្យមានជម្រៅជ្រៅជាងពេលបច្ចុប្បន្ន ដើម្បីមានសមត្ថភាព គ្រប់គ្រាន់ក្នុងការក្សាទឹកភ្លៀង ឱ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យស្ថានីយបូមទឹកអាច បូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹក នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។
និងទី៣-ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់និងមិនលើកលែង ចំពោះអ្នកដែលរំលោភកាន់កាប់ ហើយមកធ្វើការតវ៉ានិងរារាំងអាជ្ញាធរ ក្នុងពេលចុះអនុវត្តគម្រោងខាងលើនេះ៕