ព័ត៌មានជាតិ

ប្រមុខការទូតអាស៊ាន កំពុងបើកកិច្ចប្រជុំចង្អៀត ពិភាក្សា ពីផែនការស្តារសេដ្ឋកិច្ច ក្រោយពីវិបត្តិកូវីដ១៩

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បាននិងកំពុងបើកកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សា អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រាស្រ័យទាក់ទង ជាមួយនឹងសហគមន៍ពិភពលោក ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន តាមប្រព័ន្ឋវីដេអូនេះផងដែរ ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើល ការអនុវត្តផែនការការងារនានា ដែលសម្រេចដោយថ្នាក់ដឹកនាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញ នូវផែនការលំអិតរបស់អាស៊ាន វិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាន នូវការកសាងសហគមន៍អាស៊ាន ដោយផ្អែកលើបរិបទសកលលោក នាពេលបច្ចុប្បន្ន និងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

សេចក្ដីប្រកាសបញ្ជាក់ថា «រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រាស្រ័យទាក់ទង ជាមួយនឹងសហគមន៍ពិភពលោក» ។

ប្រទេសប៊្រុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការអាស៊ាននាឆ្នាំនេះ ក្រោមមូលបទ «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបី ដែលផ្តោតជាសំខាន់ទៅលើ ១) ប្រកាន់ខ្ជាប់នូវវប្បធម៌ យកចិត្តទុកដាក់របស់អាស៊ាន ២) ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត និង ៣) បង្កើតឱកាសសម្រាប់កាលានុវត្តភាព របស់ប្រជាជនអាស៊ាន៕

To Top