ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តលើកចិត្ត និងជំរុញកងទ័ព ការពារសមិទ្ធផលជាតិ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តលើកចិត្តនិង ជំរុញកងទ័ព ការពារសមិទ្ធផលជាតិ សម្រេចបាននាពេលកន្លងមក និងតទៅអនាគត។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផល ការងារយោធ សន្តិសុខ២០២០ និងទិសដៅការងារយោធសន្តិសុខ ២០២១ របស់កងទ័ពជើងគោក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយបានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ ក្នុងជួរកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរ ឱ្យកត់សម្គាល់ជាច្រើន ដោយបានអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

លោកបន្ថែមផងដែរថា “កម្លាំងរបស់យើង បានពង្រឹងខឿនការពារជាតិ ម្ចាស់ការ ក្នុងការបំពេញភារកិច្ចស្នូល របស់ខ្លួន មានដូចជា ការងារការពារព្រំដែន ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមលើកិច្ចការស្តារ និងអភិវឌ្ឍជាតិ ព្រមទាំងចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍគួរជាទីមោទនៈ” ។

លោកឧត្តមសេនីយ៍ឯក សម្តែងការជឿជាក់ថា សមិទ្ធផលទាំងនេះ បានកើតឡើងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងឥស្សរជន របស់ជាតិជាច្រើនរូបទៀត ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជាការចូលរួម អនុវត្តតួនាទីភារកិច្ចរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ ហើយក៏មិនអាចកាត់ផ្តាច់បាន ពីការឧបត្ថម្ភគាំទ្ររបស់ស្ថាប័នរដ្ឋ និងអង្គភាពសម្ព័ន្ធមេត្រីភាព ជាពិសេស ពីសំណាក់ប្រជាពលរដ្ឋយើង តែម្តង។

លោកស្នើសូមឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណា គ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ច ក្នុងនាមកងយោធពលខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយ ការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផល កាន់តែល្អប្រសើរ ជូនជាតិ ប្រជាជន និងមាតុភូមិយើង ៕

To Top