ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនច្បារ មុខក្រសួងការពារជាតិ ឲ្យមានសោភ័ណនិងសម្រួលចរាចណ៍

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរួមគ្នា ជាមួយមន្រ្តីជំនាញក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានគ្រោងកែលម្អសួនច្បារ មុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់ សោភ័ណភាពឲ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ ងាយស្រួលធ្វើដំណើរ ដោយមានទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណផងដែរ ។

គម្រោងផែនការកែលម្អសួនច្បារ មុខក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីនេះ ក្នុងគោលបំណង ធ្វើឲ្យសួនច្បារនេះ កាន់តែសម្រស់ស្រស់ស្អាត ហើយមានភាពបន្ស៊ីគ្នា ជាមួយនឹងផ្លូវច្រកចូល ក្រសួងការពារជាតិ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រទាំងស្រុង ចំពោះគម្រោងកែលម្អសួនច្បារនេះ ព្រោះបានជួយលើកសម្រស់ផ្លូវកាន់តែស្រស់ស្អាត ខណៈមាន ភ្ញៀវទេសចរអន្តរជាតិ បានធ្វើដំណើរឆ្លងកាត់ច្រើន។

លោកក៏បានណែនាំ មន្រ្តីជំនាញសាលារាជធានីភ្នំពេញ និងក្រសួងការពារជាតិ ត្រូវសិក្សាគម្រោងកែលម្អ សួនច្បារនេះបានច្បាស់លាស់ ហើយមានភាពស៊ីគ្នា រវាងសួនច្បារចាស់ នឹងសួនច្បារថ្មី ដើម្បីឲ្យតំបន់នេះ បានស្រស់ស្អាតស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើរបងថ្មយ៉ាងស្រស់ស្អាត ពីមុខ ទីស្តីការគណៈរដ្ឋមន្រ្តី កែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធ ចរាចរណ៍ផងដែរ។

លោកបានបញ្ជាក់ថា គម្រោងកែលម្អសួនច្បារនេះ អាចនឹងស្ថាបនារួចរាល់ព្រមៗគ្នា ជាមួយ នឹងគម្រោងស្ថាបនាអគារ ទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរង្វង់ខែ មិថុនា ឆ្នាំ២០២១នេះ។ បន្ទាប់មកតំបន់នេះ នឹងមានលំហូរចរាចរណ៍ ធ្វើដំណើរងាយស្រួលឡើងវិញ មិនប្រឈមនឹងការកក់ស្ទះ ដូចសព្វថ្ងៃឡើយ ។

លោកឃួង ស្រេង មានប្រសាសន៍ថា “បើមើលមួយប្លែកយើងថាការកែសួនធម្មតា ប៉ុន្តែបើសិក្សាពិប្រវត្តិសួន ឃើញថាសួននេះស្ថាបនា យូរលុងណាស់មកហើយ ហើយវាសិ្ថតនៅទីតំាងផ្លូវអន្តរជាតិ ដែលទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើការឆ្លងកាត់ អ៊ីចឹងទេការកែលម្អសួន សូមឱ្យលោកសំា ពិសិដ្ឋ ធ្វើកិច្ចការងារនេះ ជាមួយក្រុមការងារបច្ចេកទេស ហើយឱ្យចេញជាប្លង់សួនចេញពីកា្តន់២ ធ្វើម៉េចឲ្យមានស៊ីមេទ្រីគ្នា ក្នុងរចនាបថតែមួយ ខ្ញុំសូមឯកភាពទាំងស្រុង”។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជានាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានលើកឡើងក្នុងកិច្ចប្រជុំដែរថា គម្រោងនេះមិនត្រឹមតែលើកកម្ពស់ សោភ័ណភាពទាំងក្រសួង និងសួនច្បារមានភាពស្រស់ ស្អាតបន្ស៊ីគ្នាប៉ុណ្ណោះទេ តែគឺបានបើកឲ្យមានចរាចរណ៍ ចេញចូលងាយស្រួលផងដែរ។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារ មុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញ រហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូល មុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឲ្យប្រជាពលរដ្ឋ មានកន្លែងហាត់ប្រាណ ងាយស្រួល ជាមួយនឹងទីតាំ ធំទូលាយជាងមុន៕

To Top